(បែរឡាំង)៖ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានចាប់ផ្តើមការសិក្សាស្រាវជ្រាវដំណាក់កាលដំបូង ដើម្បីវាយតម្លៃអំពីប្រសិទ្ធភាពទៅលើមនុស្ស នៃវ៉ាក់សាំងសាកល្បងរបស់ខ្លួន ដែលសម្រាប់ប្រឆាំងនឹងជំងឺគ្រុនចាញ់ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

បើតាមក្រុមហ៊ុន BioNTech ការធ្វើតេស្តដំណាក់កាលទី១ខាងលើ ត្រូវបានរំពឹងថា នឹងទទួលយកអ្នកស្ម័គ្រចូលរួមចំនួន៦០នាក់ នៅសហរដ្ឋអាមេរិក ដែលមិនមានប្រវត្តិធ្លាប់ឆ្លងជំងឺគ្រុនចាញ់នោះឡើយ ដើម្បីវាយតម្លៃទៅលើបេក្ខភាពវ៉ាក់សាំងនោះ ក្នុងកម្រិត​៣ដូស។ ដោយមានឈ្មោះសម្គាល់បណ្តោះអាសន្នថា BNT165b1 វាគឺជាបេក្ខភាពវ៉ាក់សាំងដំបូងបំផុត នៃគម្រោងអភិវឌ្ឍវ៉ាក់សាំង​ដើម្បីបង្ការជំងឺគ្រុនចាញ់របស់ក្រុមហ៊ុន BioNTech។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងខាងលើ ស្ថិតក្នុងចំណោមកិច្ចប្រឹងប្រែងមួយចំនួនតូច ស្តីពីការព្យាយាមបង្កើតវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺបង្កឡើងដោយសត្វមុសនេះ ដែលក្នុងមួយឆ្នាំៗបានផ្តាច់ជីវិតមនុស្សរហូតដល់ជាង ៦០០,០០០នាក់ ភាគច្រើនជាកុមារនៅឯទ្វីបអាហ្រ្វិក។ ទម្រង់ក៏ដូចជាវដ្តជីវិតដ៏ស្មុគស្មាញនៃពពួកប៉ារ៉ាសិតជំងឺគ្រុនចាញ់ បានបង្កការរារាំងជាយូរមកហើយ ចំពោះកិច្ចប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំង ដើម្បីប្រឆាំងនឹងជំងឺនេះ។

ក្រោយការខិតខំរយៈពេលរាប់ទសវត្សរ៍ វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ ដែលមានការទទួលស្គាល់តែមួយគត់ ហៅថា ម៉ូស្គ្វីរិច (Mosquirix) ដែលផលិតដោយក្រុមហ៊ុនអង់គ្លេស GSK ទើបតែទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ២០២២នេះ ក៏ប៉ុន្តែបញ្ហាខ្វះថវិកាផ្គត់ផ្គង់ និងទីផ្សារបានជះផលប៉ះពាល់ដល់ សមត្ថភាពរបស់ក្រុមហ៊ុន GSK ក្នុងការផលិតវ៉ាក់សាំងនេះ។

ដោយឡែក នៅមានកិច្ចប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំងជំងឺគ្រុនចាញ់មួយទៀត ដែលបានស្ថិតក្រោមការតាមដាន​ខ្ពស់គឺ បេក្ខភាពវ៉ាក់សាំងរបស់ សាកលវិទ្យាល័យអង់គ្លេស Oxford។ ទិន្នន័យនៃការធ្វើតេស្តដំណាក់កាលកណ្តាលរបស់វា ត្រូវបានចេញផ្សាយជាសាធារណៈ កាលពីក្នុងខែកញ្ញា៕