(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រនេះបានប្រកាសឱ្យដឹងថា រូបលោកបានត្រឡប់មកដល់រដ្ឋធានីកៀវរបស់អ៊ុយក្រែនវិញហើយ ក្រោយដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៉ីនតោននៃសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។
លោក ហ្សេលេនស្គី បានបង្ហោះឃ្លីបវីដេអូមួយ នៅលើឆាណែលតេឡេក្រាម (Telegram) របស់លោក ដូច្នេះថា «ឥឡូវខ្ញុំកំពុងនៅ ការិយាល័យរបស់ខ្ញុំ ហើយយើងកំពុងប្រឹងប្រែងធ្វើការឆ្ពោះទៅរកជ័យជម្នះ»។ លោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅដល់រដ្ឋធានីរបស់អាមេរិក កាលពីថ្ងៃពុធ ហើយលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមទាំងបានឡើងថ្លែងសុន្ទរកថា នៅវិមានសភាជាតិអាមេរិក ថែមទៀតផង។ នាឱកាសនោះ សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់ជំនួយយោធាថ្មី ទំហំខ្ទង់ពាន់លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែន ដែលរួមមានទាំងការផ្តល់ប្រព័ន្ធខែលប្រឆាំងមីស៉ីល ប៉ាទ្រីយ៉ូត (Patriot)។
គួរបញ្ជាក់ថា ដោយឡែកទីក្រុងមូស្គូឯណោះវិញ បានចោទប្រកាន់ទីក្រុងកៀវនិងទីក្រុងវ៉ាស៉ីនតោនថា បានធ្វើមិនដឹងមិនលឺចំពោះការព្រួយបារម្ភរបស់ខ្លួន ហើយកំពុងប្រើប្រាស់អ៊ុយក្រែនជា សមរភូមិដើម្បីធ្វើឱ្យរុស្ស៉ីចុះទន់ខ្សោយ ចំពេលដែលរុស្ស៉ីមានបំណងចង់បញ្ចប់ ការប្រយុទ្ធគ្នាឱ្យបានឆាប់រហ័ស៕