(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងនៅថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ ការព្យាយាមរារាំងការអភិវឌ្ឍរបស់ចិន ហើយមិនគួរបន្តទម្លាប់ចាស់គំរឹលនៃការធ្វើទុក្ខបុកម្នេញគេឯង ជាលក្ខណៈឯកតោភាគី​ទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងកិច្ចឆ្លើយឆ្លងតាមប្រព័ន្ធទូរស័ព្ទលើកចុងក្រោយបំផុត រវាងប្រមុខការទូតនៃប្រទេសទាំងពីរ លោក វ៉ាង បានលើកឡើងថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែផ្តោតការយកចិត្តទុកដាក់ ចំពោះក្តីកង្វល់ស្របច្បាប់របស់ចិន, បញ្ឈប់ការប៉ុនប៉ងរាំងខ្ទប់និង​បន្ទុក​បង្អាក់ការអភិវឌ្ឍរបស់ចិន ព្រមទាំងឈប់ព្យាយាមធ្វើសកម្មភាពដោយសន្សឹមៗ ដើម្បីប្រឆាំងនឹងខ្សែបន្ទាត់ក្រហមរបស់ចិនតទៅទៀត។

ការលើកឡើងរបស់លោក វ៉ាង បានឆ្លុះបញ្ចាំងជាថ្មីអំពីជំនួបរវាង ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្រៅកិច្ចប្រជុំកំពូល G20 លើកោះបាលីប្រទេសឥណ្ឌូណេស៉ី កាលពីខែវិច្ឆិកា ជាទីដែលអ្នកទាំងពីរបានជជែក​អំពីបញ្ហាក្តៅគគុកជាច្រើន រួមមានទាំងតៃវ៉ាន់។ នាឱកាសនោះ លោក ស៉ី បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាបន្ទាត់ក្រហមដំបូងបង្អស់ ដែលមិនត្រូវបោះជំហានឆ្លងដាច់ខាត នៅក្នុងទំនាក់ទំនងចិន-អាមេរិក។

គួរបញ្ជាក់ថា ក្នុងជំនួបតាមទូរស័ព្ទជាមួយលោក ប្លីងខិន លោក វ៉ាង បានទទូចឱ្យភាគីទាំងពីរគួរផ្តោតសំខាន់ ទៅលើការប្រែក្លាយ​ចំណុចឯកភាពគ្នារវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ នៅឯកោះបាលីឱ្យក្លាយទៅជាគោលនយោបាយជាក់ស្តែង និងសកម្មភាពរឹងមាំច្បាស់លាស់​៕