(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៉ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅសមុទ្រភាគខាងកើត ប៉ុន្តែមិនទាន់កំណត់អត្តសញ្ញាណបានថា ជាប្រភេទអ្វីនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

អគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង មិនបានផ្តល់ព័ត៌មានលម្អិតថាតើជាមីស៉ីលប្រភេទណា និងថាតើវាហោះបានចម្ងាយប៉ុន្មាននោះទេ។ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ក៏បាននិយាយថា មីស៉ីលដែលកូរ៉េខាងជើងបានបាញ់ អាចជាមីស៊ីលផ្លោងអន្តរទ្វីប។ ភ្លាមៗនេះ មិនទាន់មានសេចក្តីថ្លែងការណ៍របស់ កូរ៉េខាងជើងលើការបាញ់មីស៉ីល ដែលបានរាយការណ៍នេះទេ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលយ៉ាងច្រើន រួមទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីប រយៈចម្ងាយឆ្ងាយ កាលពីខែវិច្ឆិកា ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមានជាច្រើនខែមកហើយថា កូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរលើកទី ៧របស់ខ្លួន៕