(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់លោក អាន់តូនី ប្លីនខិន (Antony Blinken) រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃសុក្រនេះថា ប្រទេសចិនតែងតែគាំទ្រការដោះស្រាយវិបត្តិអ៊ុយក្រែន តាមរយៈការចរចា។ នេះបើយោងតា មការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការបរទេសចិន បានដកស្រង់សម្តីរបស់លោក វ៉ាង ដែលបានថ្លែងថា ប្រទេសចិនតែងតែគាំទ្រសន្តិភាព និងការសម្រេចបាននូវគោលដៅ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសចិន ឈរជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងកិច្ចចរចា។ រដ្ឋមន្ត្រីការបរទេសចិន ក៏បានជំរុញឲ្យភាគីអាមេរិក ត្រលប់មករកទំនាក់ទំនងចិន-អាមេរិក នៅលើមាគ៌ាដែលមានផាសុកភាព និងស្ថិរភាព ដែលជាការបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ពិភពលោកទាំងមូល។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីទិដ្ឋភាពសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

គួរបញ្ជាក់ថា នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា កន្លងទៅ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងឲ្យមាន ដំណើរទស្សនកិច្ចរបស់លោក ប្លីនខិន ទៅកាន់ប្រទេសចិន នៅដើមឆ្នាំ២០២៣ ហើយភាគីទាំងពីរគ្រោងនឹងពិភាក្សាលើប្រធានបទនៃជម្លោះនៅអ៊ុយក្រែន ក្នុងអំឡុងពេលទស្សនកិច្ចនោះ៕