(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះថា លោកនឹងស្វែងរកអាណត្តិមួយទៀត ក្នុងការបោះឆ្នោតសកល ដែលអាចធ្វើឡើងមុន ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា «គណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបបង្កើតឡើង បានផ្តល់ការគាំទ្រដល់ខ្ញុំ ក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតបន្ទាប់ទៀត»។ លោក ប្រាយុទ្ធ បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់នៅថ្ងៃនេះថា ខ្ញុំបានសម្រេចចិត្តចូលរួមប្រកួតប្រជែង សម្រាប់តំណែងនេះបន្តទៀត»។

កាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោតនៅមិនទាន់ត្រូវបានសម្រេចនោះទេ ប៉ុន្តែប្រសិនបើមិនត្រូវបានរំលាយចោលក្នុងពេលឆាប់ៗនោះទេ សភានឹងបញ្ចប់អាណត្តិរបស់ខ្លួនត្រឹមខែមីនា ដោយកំណត់ដំណាក់កាលបោះឆ្នោត នៅខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងកាន់តំណែងជាប្រមុខយោធា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឆ្នាំ២០១៤ មុនពេលក្លាយជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោត ឆ្នាំ២០១៩។ កាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃ បានកាត់សេចក្តីកំណត់អាណត្តិរយៈពេល ៨ឆ្នាំ របស់លោកប្រាយុទ្ធ ខណៈដែលអាណត្តិនាយករដ្ឋមន្ត្រីនឹងបញ្ចប់នៅឆ្នាំ២០២៥៕