(ស្តុកខុល)៖ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូបៀស ប៊ីលស្រ្តូម (Tobias Billstrom) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កិច្ចពិភាក្សារវាងស៊ុយអែត និងតួកគី កំពុងដំណើរការល្អ ហើយទីក្រុងស្តុកខុល (Stockholm) សង្ឃឹមថាទីក្រុងអង់ការ៉ា (Ankara) នឹងផ្តល់សច្ចាប័នលើពាក្យសុំចូលជាសមាជិកអង្គការណាតូ (NATO) ដល់ប្រទេសណ័រឌីក (Nordic) បានយ៉ាងល្អ មុនពេលកិច្ចប្រជុំកំពូលនៃបក្សសម្ព័ន្ធយោធាមួយនេះ ចូលមកដល់នៅខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) ក្នុងទីក្រុងអង់ការ៉ា លោក ប៊ីលស្រ្តូម បានប្រាប់អ្នកយកព័ត៌មានថា «អ្វីៗកំពុងដំណើរការល្អ។ យើងមានកិច្ចប្រជុំដ៏ល្អមួយនៅថ្ងៃនេះ»

លោក ប៊ីលស្រ្តូម បានបន្ថែមថា «ស៊ុយអែត បានចាត់វិធានការដើម្បីបំពេញលក្ខខណ្ឌ ដែលមានចែងនៅក្នុងអនុស្សរណៈរវាង ស៊ុយអែត ហ្វាំងឡង់ និងតួកគី ហើយច្បាប់ប្រឆាំងអំពើភេរវកម្មដ៏តឹងរ៉ឹង ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ទទួលបានការស្វាគមន៍ដោយទីក្រុងអង់ការ៉ា។ ជាមួយគ្នានេះ ស៊ុយអែតក៏បានលើកលែងការហាមឃាត់ ការនាំចេញអាវុធទៅកាន់ប្រទេសតួកគី ផងដែរ»

គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ កាលពីខែឧសភា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែបានប្រឈមមុខនឹងការជំទាស់ពីតួកគី ដែលចោទប្រកាន់ប្រទេសណ័រឌីកទាំងពីរនេះ ថាបានគាំទ្រក្រុមសកម្មប្រយុទ្ធ រួមទាំងក្រុមមកពីគណបក្សពលករឃឺដ (PKK)៕