(បែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ងបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនបុគ្គលិកម្នាក់ នៃស្ថាប័នស៉ើបការណ៍សម្ងាត់ BND របស់ខ្លួន ក្រោមការជាប់សង្ស័យពី បទចែករំលែកការណ៍សម្ងាត់របស់ជាតិ ជាមួយរុស្ស៉ីនៅក្នុងឆ្នាំនេះ ដែលជាលទ្ធផលគឺបាន ប្រព្រឹត្តអំពើក្បត់ជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់បាននិយាយថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យខាងលើ ដែលជាពលរដ្ឋអាល្លឺម៉ង់ផ្ទាល់ និងមានឈ្មោះ ខាស្តិន អឹល (Carsten L.) កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងរដ្ឋធានីបែរឡាំង។ ប៉ូលិសអាល្លឺម៉ង់បានឆ្មក់ចុះឆែកឆេរ កន្លែងស្នាក់នៅនិងកន្លែងធ្វើការរបស់ជននោះ រួមទាំងកន្លែងស្នាក់នៅនិងធ្វើការរបស់បុគ្គលម្នាក់ផ្សេងទៀត។

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានគូសបញ្ជាក់ដូច្នេះថា «ជនជាប់ចោទគឺជាប់សង្ស័យពីបទក្បត់ជាតិ។ ក្នុងឆ្នាំនេះផ្ទាល់ រូបគេបានចែករំលែកព័ត៌មានដែលខ្លួនទទួលបានពេលកំពុងបំពេញការងារ ជាមួយនឹងទីភ្នាក់ងារចារកម្មរបស់ប្រទេសរុស្ស៉ី ខណៈ ខ្លឹមសារព័ត៌មាននោះត្រូវបានចាត់ទុកជា ការណ៍សម្ងាត់ជាតិ»។ បច្ចុប្បន្នបុគ្គលិកម្នាក់នោះ កំពុងស្ថិតក្រោមការឃុំឃាំងដើម្បីរង់ចាំ ការកាត់ទោសជំនុំជម្រះក្តី។

គួរបញ្ជាក់ថា អាជ្ញាធរអាល្លឺម៉ង់បានព្រមានពី ការកើនឡើងនៃសកម្មភាពចារកម្មរបស់រុស្ស៉ី ក្នុងគ្រាដែលវិមានក្រឹមឡាំងប្រឈមមុខ គ្នាខ្លាំង ជាមួយក្រុមលោកខាងលិច ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ ពេលថ្មីៗនេះ អូទ្រីសក៏បានកំណត់អត្តសញ្ញាណជនជាតិក្រិក អាយុ៣៩ឆ្នាំម្នាក់ ដែលខ្លួនសង្ស័យថាលួចស៉ើបការណ៍សម្ងាត់ឱ្យរុស្ស៉ីផងដែរ។

លើកចុងក្រោយបំផុត ដែលបុគ្គលិកផ្នែកស៉ើបការណ៍សម្ងាត់អាល្លឺម៉ង់ ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិបែបនេះ គឺកាលពីឆ្នាំ២០១៤ ប៉ុន្តែកាលនោះ គឺដោយសារការផ្តល់ព័ត៌មានសម្ងាត់ជាតិ ដល់ទីភ្នាក់ងារចារកម្មអាមេរិក CIA។ បុរសម្នាក់មានឈ្មោះថា ម៉ាគូស អរ (Markus R.) និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ កាលពីឆ្នាំ២០១៦៕