(ប៉េកាំង)៖ ថ្ងៃទី២១ ខែធ្នូ ក្រុមអ្នកជំនាញដោះស្រាយករណីវិវាទនៃអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់សំណុំរឿងចិនហុងកុង ប្តឹងវិធានការបញ្ជាក់ប្រភពដើមទំនិញរបស់អាមេរិក បានចេញផ្សាយរបាយការណ៍ ដោយកាត់ក្តីថា វិធានការនិងការកំណត់របស់អាមេរិក ក្នុងការបញ្ជាក់ប្រភពដើមទំនិញ បានល្មើសនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក។

ថ្ងៃទី២២ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលឆ្លើយសំណួរពាក់ព័ន្ធនឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនដាស់តឿនអាមេរិកឱ្យគោរពការកាត់ក្តីរបស់ក្រុមអ្នកជំនាញ ហើយកែតម្រូវកំហុសរបស់ខ្លួនតាមរយៈការអនុវត្តជាក់ស្តែង។

លោកស្រី Mao Ning បានថ្លែងថា «ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះ ការកាត់ក្តីដ៏យុត្តិធម៌របស់ក្រុមអ្នកជំនាញ នៃអង្គការពាណិជ្ជកម្មពិភពលោក»។ តួនាទីរបស់ហុងកុងដែលជាតំបន់ពន្ធគយដាច់ដោយឡែកពីចិន គឺទទួលបានការអនុម័តពីរដ្ឋាភិបាលចិន ហើយទទួលបានការបញ្ជាក់ពី «ច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាល ពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន» ផងដែរ ក៏ដូចជាបានទទួលស្គាល់ពីច្បាប់ពហុភាគី របស់អង្គការពាណិជ្ជកម្មពិភពលោក តែមិនមែនជាការកំណត់របស់រដ្ឋសមាជិកណាមួយនោះទេ។

លោកស្រី Mao Ning បានថ្លែងទៀតថា «ចិននឹងអនុវត្តយ៉ាងម៉ឺងម៉ាត់និងមិនងាករេ នូវគោលការណ៍ណែនាំអំពីប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ ប្រឆាំងយ៉ាងដាច់ខាតចំពោះ កម្លាំងខាងក្រៅដែលមកជ្រៀតជ្រែកកិច្ចការរបស់ហុងកុង គាំទ្រយ៉ាងមុតមាំនូវតួនាទីរបស់ហុងកុងដែលជាតំបន់ពន្ធគយដាច់ដោយឡែកពីចិន គាំទ្រយ៉ាងមុតមាំដល់ហុងកុង ដើម្បីពង្រឹងនិងពង្រីកតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វានាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ»

វិទ្យុមិត្តភាពកម្ពុជាចិន