(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ គ្រោងនឹងបញ្ចេញកញ្ចប់ថវិកាជាតិចំនួន ៨៦៤ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ ដែលអនុវត្តចាប់ពីខែមេសា ដែលនឹងជួយជំរុញថ្លៃចំណាយលើវិស័យយោធា និងសន្តិសុខសង្គម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីព្រាងថវិកាដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គិស៉ិដា (Fumio Kishida) រួមជាមួយនិងផែនការចេញមូលបត្របំណុលរបស់រដ្ឋាភិបាល គឺដើម្បីសម្រេចឲ្យបាននូវគោលដៅសារពើពន្ធ ចំពេលព្យាយាមធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនងើបចេញពីវិបត្តិ ដែលបង្កឡើងដោយសារតែជំងឺកូវីដ១៩។

សម្រាប់ឆ្នាំ២០២៣ ការចំណាយលើវិស័យការពារជាតិនឹងមានចំនួន ៦.៨ពាន់ពាន់លានយ៉េន ឬជាង ៥១ពាន់លានដុល្លារ កើនឡើងពីចំនួន ១.៤ពាន់ពាន់លានយ៉េន ឬជាង ១០ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ រដ្ឋាភិបាលក៏នឹងត្រៀមថវិកាចំនួន ៣.៤ពាន់ពាន់លានយ៉េន ឬជាង ២៥ពាន់លានដុល្លារ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ផែនការកសាងវិស័យការពារជាតិ រយៈពេល ៨ឆ្នាំរបស់ខ្លួន។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក គីស៉ិដា មានផែនការបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ នៅ២០២៣ ឲ្យបានទ្វេដងដល់រហូតដល់ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេល ៨ឆ្នាំ ចំពោះមុខនឹងភាពតានតឹងផ្នែកសន្តិសុខក្នុងតំបន់៕