(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនថា ធ្វើមិនដឹងមិនលឺចំពោះការព្រួយបារម្ភរបស់ខ្លួន ហើយកំពុងប្រើប្រាស់អ៊ុយក្រែនជាសមរភូមិដើម្បីធ្វើឲ្យរុស្ស៊ីចុះខ្សោយ ចំពេលដែលរុស្ស៉ីមានបំណងបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គាត់បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «គោលដៅរបស់យើងគឺដើម្បីបញ្ចប់ជម្លោះនេះ។ យើងកំពុងព្យាយាមធ្វើរឿងនេះ។ យើងនឹងព្យាយាមធ្វើឲ្យប្រាកដថាវាចប់សព្វគ្រប់ ហើយឆាប់កាន់តែល្អ។ ជម្លោះទាំងអស់អាចបញ្ចប់ដោយវិធីណាមួយ ឬការពិភាក្សាផ្សេងទៀតជាមួយអ៊ុយក្រែន»

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានគូសបញ្ជាក់ថា «លោក បៃដិន និងលោក ហ្សេលេនស្គី មិនស្តាប់កង្វល់របស់រុស្ស៊ីទេ។ មិនមែនជាលើកទី១ទេ ដែលលោក ហ្សេលេនស្គី ប្រឆាំងនឹងការបន្តបាញ់ផ្លោងនៃអគារលំនៅដ្ឋាននៅក្នុងទីក្រុង និងភូមិនានាក្នុងតំបន់ដុនបាស់ (Donbas) ប៉ុន្តែសកម្មភាពជាក់ស្តែងគឺមិនដូចជាការអំពាវនាវពិតប្រាកដ សម្រាប់សន្តិភាពនោះទេ»

គួរបញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចដែលមិនប្រកាសឲ្យដឹងជាមុន របស់មេដឹកនាំអ៊ុយក្រែនទៅកាន់សហរដ្ឋអាមេរិក រដ្ឋបាលលោក ចូ បៃដិន បានទទួលស្គាល់ជាផ្លូវការ ហើយថាខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ឲ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី៕