(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង បានច្រានចោលសេចក្ដីរាយការណ៍ដែលថាទីក្រុងព្យុងយ៉ាងបានលក់អាវុធឱ្យរុស្ស៉ី ដោយចាត់ទុកថានេះជាព័ត៌មាន គ្មានមូលដ្ឋាន ហើយបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីសារព័ត៌មានជប៉ុន Tokyo Shimbun បានរាយការណថាកូរ៉េខាងជើង បានបញ្ជូនអាវុធ ក្នុងនោះរួមមាន ទាំងគ្រាប់កំាភ្លើងធំ ទៅកាន់ប្រទេសរុស្ស៉ី តាមរថភ្លើងឆ្លងកាត់ព្រំដែននៃប្រទេសទាំង២​ កាលពីខែវិច្ឆិកាកន្លងទៅ ហើយថាការដឹកជញ្ជូនអាវុធបន្ថែមត្រូវបានគេរំពឹង ថានឹងធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ បន្ថែមពីលើនេះ​សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក៏បានអះអាងដែរថាកូរ៉េខាងជើងបានលក់អាវុធឱ្យ ក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី Wagner។

យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដោយស្រង់សម្ដីពីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថាជំហររបស់ទីក្រុង ព្យុងយ៉ាង មិនមានការផ្លាស់ប្ដូរនោះទេជុំវិញកិច្ចព្រមព្រៀងអាវុធរវាងកូរ៉េខាងជើង និងរុស្ស៉ី ដែលមិនដែលកើតមានឡើយ។ អ្នកនាំពាក្យរូបនេះក៏បានថ្កោលទោស ផងដែរថាសហរដ្ឋអាមេរិក កំពុងបង្កការបង្ហូរឈាម និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់អាវុធដែលអាចសម្លាប់ជីវិតមនុស្ស៕