(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាលោកនឹងស្វែងរក ជំនួយពីចិន ក្នុងការបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់មករកតុចរចាឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

លោក ប៊្លីនខិន ដែលមានផែនការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅដើមឆ្នាំ២០២៣ ក្នុងនាមជាមន្ត្រីការទូតកំពូលដំបូងបំផុតរបស់សហរដអាមេរិកដែល បំពេញទស្សនកិច្ចក្នុងប្រទេសចិន អស់រយៈពេលជាង៤ឆ្នាំមកនេះ ក៏បានឱ្យដឹងដែរថាលោកនឹងពិភាក្សាជាមួយចិនថាតើត្រូវធ្វើយ៉ាងណាដើម្បីអាច បញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់មករកផ្លូវត្រូវវិញ។ លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «យើងធ្លាប់បានបញ្ជាក់ជាច្រើនលើកមកហើយថាយើងបើក ចំហការទូតដោយគ្មានលក្ខខណ្ឌ។ យើងនៅតែប្ដេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ»

លោកបន្ថែមថា «សព្វថ្ងៃកូរ៉េខាងជើងមិនបានចូលរួម នៅក្នុងមូលដ្ឋានបែបនេះទេ ប៉ុន្តែលទ្ធភាពនៅតែមាន ហើយខ្ញុំគិតថាចិនអាចដើរតួនាទីដើម្បីជួយ តម្រែតម្រង់ទិសដៅនេះ»

តែទោះជាយ៉ាងណាក៏ដោយ លោកប្រមុខការទូតអាមេរិក បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងពង្រឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ដើម្បីការពារប្រឆាំងនឹងរាល់ការឈ្លានពានទាំងឡាយ៕