(ហាណូយ)៖ វៀតណាម បានចាប់ខ្លួនអតីតឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសជប៉ុន ដោយចោទប្រកាន់ថាបានទទួលសំណូក នៅពេលរៀបចំ ជើងហោះហើរនៃការធ្វើមាតុភូមិនិវត្តន៍ អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក វូ ហុង ណាំ (Vu Hong Nam) និងមន្ត្រីមួយចំនួនទៀត ត្រូវបានសង្ស័យថាបានទទួល សំណូកពីមនុស្សមួយចំនួន ជាថ្នូរនឹងការផ្ដល់អាទិភាពជើងហោះហើរសម្រាប់ពលរដ្ឋវៀតណាម ដែលបានជាប់គាំង នៅពេលបណ្ដាប្រទេសនៅជុំវិញ ពិភពលោកនាំគ្នាដាក់ចេញវិធានការបិទខ្ទប់ប្រឆាំងកូវីដ១៩។

គួរបញ្ជាក់ថា លោក វូ ហុង ណាំ បានបំពេញការងារជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន នៅឆ្នាំ២០១៨ ហើយលោកក៏ធ្លាប់ជា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមផងដែរ៕