(វ៉ាស៊ីនតោន)៖ ប្រទេសរុស្ស៊ីបាននិយាយថា ការផ្គត់ផ្គង់ប្រព័ន្ធខែលមីស៊ីល Patriot របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដែលបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងមិនជួយដោះស្រាយជម្លោះ ឬរារាំងប្រទេសរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២​ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មិនមានសញ្ញានៃការត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាពក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក Zelenskyy ឡើយ ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមប្រូកស៊ីជាមួយរុស្ស៊ី។

គួរជម្រាបថា សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ជាផ្លូវការហើយថាខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។ 

ប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន នៅក្រោមកញ្ចប់ជំនួយយោធា ១.៨៥ពាន់លានដុល្លារ ដែលត្រូវបានប្រកាសចំពេល ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេស​ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ទីក្រុងមូស្គូ ធ្លាប់បានព្រមានថាប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងក្លាយជាគោលដៅស្របច្បាប់នៃការវាយប្រហាររបស់កងទ័ពរុស្ស៉ី នៅក្នុង សង្រ្គាមអ៊ុយក្រែន ហើយវាអាចនឹងធ្វើឱ្យសង្រ្គាមផ្ទុះឡើងកាន់តែខ្លាំង៕