(ប៉េកាំង)៖ នៅក្រុង montreal ប្រទេសកាណាដា ពេលវេលាប្រហែលម៉ោង៣ព្រឹកព្រលឹមថ្ងៃទី១៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ «ក្របខណ្ឌជីវចម្រុះសកលក្រុងគុនមីង-ក្រុង montreal» ទទួលបានអនុម័តក្នុងមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥។

ក្នុងបរិបទដែលជីវចម្រុះសកល រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ មជ្ឈដ្ឋានមតិសាធារណៈសម្គាល់ជាទូទៅថា «ក្របខណ្ឌ» ដែលមានតម្លៃជាក់ស្តែងនេះ ហាក់ដូចជា «កិច្ចព្រមព្រៀងក្រុងប៉ារីស» លើវិស័យអភិរក្សធម្មជាតិ ដែលបានកំណត់គោលដៅ និងផ្លូវយ៉ាងច្បាស់លាស់សម្រាប់អភិបាលកិច្ចជីវចម្រុះសកល ពីបច្ចុប្បន្នដល់ឆ្នាំ២០៣០ និងរយៈពេលកាន់តែយូរ។

«ក្របខណ្ឌ» មួយច្បាប់នេះមានតុល្យភាព និងឆន្ទៈយ៉ាងមុតមាំ ព្រមទាំងការអនុវត្តជាក់ស្តែង សរុបបូករួមទាំងគោលដៅជាក់ស្តែង ចំនួន២៣ផងដែរ។ ក្នុងនោះ គោលដៅសំខាន់បំផុតនិងមាននិមិត្តសញ្ញាជាងគេ គឺបានសន្យាថា ដល់ឆ្នាំ២០៣០ អភិរក្សដីគោក លំហទឹកក្នុងដីគោកនិងសមុទ្រ យ៉ាងហោចណាស់ ៣០ភាគរយរបស់ផែនដី។ ហេតុអ្វីបានជាកំណត់៣០ភាគរយ? នេះគឺដោយមកពី៣០ភាគរយ ត្រូវគេចាត់ទុកថា ជាអត្រាទំហំតំបន់ធម្មជាតិតិចបំផុត សម្រាប់ឱ្យមនុស្សជាតិរស់នៅ និងធ្វើការអភិវឌ្ឍ។ អ្នកវិភាគយល់ឃើញថា ការកំណត់គោលដៅនេះ បានបង្ហាញឱ្យឃើញនូវឆន្ទៈយ៉ាងមុតមាំ របស់បណ្តាប្រទេសនានាលើវិស័យអភិបាលជីវចម្រុះសកលផង ហើយក៏មានខ្លឹមសារជាក់ស្តែង និងមានភាពងាយស្រួលក្នុងការអនុវត្តទៀតផង។

ការសម្របសម្រួលថវិកា ជាគោលដៅសំខាន់មួយទៀតរបស់ «ក្របខណ្ឌ» ហើយក៏ត្រូវគេចាត់ទុកជាគន្លឹះរបស់ “ក្របខណ្ឌ”សម្រាប់អនុវត្តគោលដៅផ្សេងទៀត។ «ក្របខណ្ឌ» បានលើកឡើងថាដល់ឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំនឹងប្រើប្រាស់ ថវិកាយ៉ាងហោចណាស់ ២សែនលានដុល្លារអាមេរិក សម្រាប់អនុវត្តយុទ្ធសាស្ត្រនិងផែនការប្រតិបតិ្តជីវចម្រុះរបស់ប្រទេសជាតិ។ ក្នុងនោះ ក៏បូករួមទាំង មុននឹងឆ្នាំ២០២៥ ជារៀងរាល់ឆ្នាំ ប្រទេសអភិវឌ្ឍន៍ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ២ម៉ឺនលានដុល្លារអាមេរិក ដល់ប្រទេសកំពុងអភិវឌ្ឍន៍ មុននឹងឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំ ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ៣ម៉ឺនលានដុល្លារអាមេរិក ។ បើសិនជាពាក្យសន្យាទាំងនេះអាចអនុវត្តបាន នោះនឹងបំពេញការខ្វះខាតថវិកាដោយប្រសិទ្ធភាព និងផ្តល់ការធានាយ៉ាងខ្លាំងដល់ការអភិរក្សជីវចម្រុះសកលផងដែរ។

លទ្ធផលជាផ្លែផ្កាគួរឱ្យលើកទឹកចិត្ត តែដំណើរការគឺប្រកបដោយភាពលំបាក។ ដោយមកពីប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ មានការយល់ដឹងខុសគ្នាចំពោះទំនួលខុសត្រូវ សិទ្ធិនិងផលប្រយោជន៍លើវិស័យអភិរក្សជីវចម្រុះ ហើយចំណេះដឹង ប្រាក់ទុននិងសមត្ថភាពក៏ខុសគ្នាដែរ បានជាក្នុងកិច្ចប្រជុំបានកើតមានការខ្វែងគំនិតយ៉ាងខ្លាំង។ ក្នុងគ្រាគន្លឹះ ក្នុងនាមជាប្រធាននៃ COP15 ប្រទេសចិនបានដើរតួនាទីណែនាំ ក្នុងការសម្របសម្រួលបណ្តាភាគីនានា និងជំរុញដំណើរការកិច្ចប្រជុំ។

បើសិនជាប្រៀបការអភិរក្សជីវចម្រុះសកល ជាការសាងសង់អគារខ្ពស់ នោះបច្ចុប្បន្ននេះ មនុស្សជាតិយើងមានប្លង់វិស្វកម្ម ដែលមានខ្លឹមសារយ៉ាងលម្អិតរួចហើយ។ មានតែធ្វើវិស្វកម្មតាមប្លង់ ទើបអាចសម្រេចបាននូវទស្សនទាន «ដល់ឆ្នាំ២០៥០ រួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ»។ ជាបន្តទៀត បណ្តាភាគីនានាមិនត្រឹមតែត្រូវរក្សា ឆន្ទៈនយោបាយយ៉ាងមុតមាំប៉ុណ្ណោះទេ ថែមទាំងត្រូវបង្ហាញឱ្យឃើញនូវកម្លាំងប្រតិបតិ្តទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន