(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិកទ័រ អរបាន (Viktor Orban) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ការផ្ទុះរឿងអាស្រូវពុករលួយថ្មីៗនេះនៅក្នុងសភាអឺរ៉ុប (EP) គឺជាសញ្ញាមួយដែលថាស្ថាប័ន EU មួយនេះ គួរតែរំលាយចោលទម្រង់បច្ចុប្បន្នរបស់ខ្លួន ដែលមាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​រួច​ទៅ​ហើយ​។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

ការលើកឡើងរបស់លោក អរបាន ខាងលើនេះធ្វើឡើងបន្ទាប់ពី លោកស្រី អ៉ីវ៉ា ខាយលី (Eva Kaili) អ្នកនយោបាយជនជាតិក្រិក ដែលបម្រើការជាអនុប្រធានសភាអឺរ៉ុបម្នាក់ ត្រូវបានចាប់ខ្លួននិងរងនូវការចោទប្រកាន់ ក្នុងខែធ្នូនេះ ពីបទពុករលួយសម្រាប់ ការទទួលសំណូកពីប្រទេសកាតា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ុយដាប៉ែស (Budapest) លោក អរបាន បានគូសបញ្ជាក់ថា «ប្រជាជនហុងគ្រីចង់ឲ្យអឺរ៉ុបរំលាយសភារបស់ខ្លួន។ រឿងអាស្រូវនេះ ពិតជាទាក់ទាញការយកចិត្តទុកដាក់ចំពោះការពិតដែលថា សភាអឺរ៉ុបគួរតែមានប្រព័ន្ធគ្រប់គ្រងរឹងមាំជាងនេះ»។

លោក អរបាន បន្ថែមថា «សមាជិកសភាមកពីរដ្ឋជាសមាជិកគួរតែត្រូវបានផ្ទេរទៅសភាអឺរ៉ុប ផ្ទុយពីការបោះឆ្នោតដោយឡែកពីគ្នា។ ហើយពួកគេច្បាស់ជាដឹងពីជំហរនយោបាយរបស់យើង ដែលប្រឆាំងនឹងអំពើពុករលួយ»។

គួរបញ្ជាក់ថា ហុងគ្រី បានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយសភាអឺរ៉ុប និងស្ថាប័ន EU ផ្សេងទៀត ជុំវិញបញ្ហាមួយចំនួន រួមទាំងការធ្វើចំណាកស្រុក និងសិទ្ធិជនភេទទី៣។ ផ្ទុយទៅវិញ ទីក្រុងព្រុចសែល បានចោទប្រកាន់រដ្ឋាភិបាលអភិរក្សនិយម របស់លោក អរបាន ថាចង់បំផ្លាញនីតិរដ្ឋក្នុងប្លុករបស់ខ្លួន៕