(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) បានប្រកាសបិទបញ្ចប់ជាផ្លូវការ នូវបេសកកម្មរបស់យាន InSight ដែលស្ថិតនៅលើភពអង្គារ (Mars) បន្ទាប់ពីថាមពលរបស់វា បានថយចុះដល់កម្រិតមួយ ដែលលែងអាចឱ្យយានរ៉ូបូតនោះ ធ្វើការទាក់ទងតទៅទៀតបាន ជាមួយក្រុមការងារនៅភពផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។
ក្រុមការងារគ្រប់គ្រងបេសកកម្ម InSight បានសម្រេចប្រកាសបែបនេះ បន្ទាប់ពីការព្យាយាមបង្កើតការទាក់ទងឡើងវិញជាមួយយាន បានទទួលបរាជ័យ២ដងជាប់គ្នា ដែលជាសញ្ញាបង្ហាញថា ថ្មសាកដោយពន្លឺព្រះអាទិត្យបំពាក់នៅលើយាន InSight គឺអស់ថាមពលមែនទែនហើយ។ NASA បានព្យាករតាំងតែពីខែតុលាមកម្ល៉េះថា យាន InSight នឹងត្រូវអស់អាយុប្រតិបត្តិការរបស់វាទាំងស្រុង ក្នុងពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយសារតែកំណើននៃគំនរធូលីនៅលើបន្ទះសូឡារបស់វា ដែលប៉ះពាល់ដល់សមត្ថភាពសាកថ្មរបស់ InSight។
គួរបញ្ជាក់ថា បេសកកម្ម InSight ដែលបានទៅដល់ភពអង្គារកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងចំណោមបេសកកម្មចំនួន៤ ដែលកំពុងមានវត្តមាននៅទីនោះ។ បេសកកម្ម៣ផ្សេងទៀត រួមមានយានរ៉ូបូត Perseverance និង Curiosity របស់សហរដ្ឋអាមេរិក និង Zhurong របស់ចិន។ ពួកវាជាយានដែលមានកង់អាចចល័តបាននៅលើផ្ទៃភពអង្គារ ខណៈ InSight ជាយានប្រភេទចុះចតនៅមួយកន្លែង។ កម្មវត្ថុចម្បងនៃបេសកកម្ម InSight គឺធ្វើការសិក្សាអំពីស្រទាប់ផ្នែកខាងក្នុងរបស់ភពក្រហមនេះ៕