(វ៉ាស៉ីនតោន)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា សកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិក នៅអ៊ុយក្រែននឹងនាំឲ្យមានការកើនឡើង ជាលំដាប់ដោយចៀសមិនរួច នូវផលវិបាកដែលអាចមិនអាចទាយទុកជាមុនបាន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

លោក អាន់តូនូ បានគូសបញ្ជាក់ថា «ទោះបីជាមានការព្រមានរបស់យើងក្តី ប្រព័ន្ធការពារដែនអាកាស Patriot នឹងត្រូវបញ្ជូនទៅទីក្រុងកៀវ ប៉ុន្តែអ៊ុយក្រែនមិនមានអ្នកឯកទេស ដើម្បីធ្វើការលើប្រព័ន្ធអាវុធទាំងនេះទេ ដូច្នេះតើអ្នកទាំងនោះអាចជាអ្នកឯកទេសអាមេរិក ឬជាពលរដ្ឋនៃប្រទេសណាតូផ្សេងទៀត? សព្វាវុធកំពុងត្រូវបានបំផ្លាញ ជាប្រព័ន្ធដោយយោធារបស់យើង។ ខ្ញុំគិតថាអ្នករាល់គ្នាយល់យ៉ាងច្បាស់ អំពីជោគវាសនានៃបុគ្គលិករបស់ខ្លួន ចំពោះការប្រឈមមុខនៅលើទឹកដីអ៊ុយក្រែន»

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិករូបនេះ បានបន្ថែមថា «ខ្ញុំចង់បញ្ជាក់ថា យើងបានព្យាយាមម្តងហើយម្តងទៀត ហើយនៅតែព្យាយាមអំពាវនាវដោយសុភវិនិច្ឆ័យនៅគ្រប់កម្រិត។ ការពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល ATACMS និងដ្រូនរយៈចម្ងាយឆ្ងាយ UAVs ដល់ប្រជាជនអ៊ុយក្រែន គឺជាការរំខានយ៉ាងខ្លាំង»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ជាផ្លូវការ ហើយថាខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ឲ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី៕