(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃពុធបានផ្តល់ការគាំទ្រចំពោះផែនការមួយ ដែលសំដៅបង្កើនកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៉ី ក្នុងទំហំជាង៣០ភាគរយបន្ថែមទៀត ស្របពេលដែលលោកបានទទួលស្គាល់ថា ទីក្រុងមូស្គូត្រូវតែ​រៀនសូត្រហើយកែសម្រូវបញ្ហាទាំងឡាយ ដែលខ្លួនបានជួបប្រទះនៅអ៊ុយក្រែន។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

ក្នុងព្រឹត្តិការណ៍សន្និសីទចុងឆ្នាំ ជាមួយក្រុមមន្រ្តីយោធាកំពូលៗរបស់រុស្ស៉ី រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានស្នើឱ្យបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធពី១.១៥លាននាក់ ដល់១.៥លាននាក់។ លោក សូយហ្គូ បានប្រាប់លោក ពូទីន ថា វាជារឿងចាំបាច់ ដើម្បីជួយធានាដល់ការដោះស្រាយបញ្ហា ដែលពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខយោធា​របស់ប្រទេសរុស្ស៉ី។ បើតាមលោក សូយហ្គូ ទាហានជិត៧០០,០០០នាក់ ក្នុងចំណោមនោះ គួរតែជាទាហានអាជីពដែលជាប់កិច្ចសន្យា។

ជាមួយគ្នានេះ លោកប្រមុខការពារជាតិរុស្ស៉ី ក៏បានស្នើដំឡើងរង្វង់អាយុ សម្រាប់ការបំពេញកាតព្វកិច្ចយោធារុស្ស៉ី ដើម្បីគ្របដណ្តប់លើពលរដ្ឋរុស្ស៉ី ដែលមានអាយុ២១-៣០ផងដែរ។ នៅក្រោមប្រព័ន្ធបច្ចុប្បន្ន ជនជាតិរុស្ស៉ីអាយុ១៨-២៧ឆ្នាំ អាចត្រូវកោះហៅឱ្យចូលបំពេញកាតព្វកិច្ចយោធាបាន ប៉ុន្តែទាំងលោក សូយហ្គូ និងលោក ពូទីន បានអះអាងម្តងហើយម្តងទៀតថា ទាហានដែលចូលបំពេញកាតព្វកិច្ចយោធា នឹងមិនត្រូវបញ្ជូនឱ្យទៅប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ។

ថ្លែងនៅចុងបញ្ចប់នៃសន្និសីទខាងលើ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា លោកគាំទ្រចំពោះសំណើរបស់លោក សូយហ្គូ។ កាលពីខែសីហាកន្លងទៅ លោក ពូទីន បានចេញក្រឹត្យមួយដែលបង្គាប់ឱ្យបង្កើនចំនួនកងទ័ពបន្ថែម ១៣៧,០០០នាក់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ឱ្យដល់កម្រិត១.១៥លាននាក់។ លោកក៏បានកែនទ័ពបម្រុងជាង ៣០០,០០០នាក់ ក្នុងកិច្ចប្រឹងប្រែងដ៏ចម្រូងចម្រាសមួយ ដែលសំដៅផ្តល់ការគាំទ្រដល់សង្រ្គាមរបស់លោក នៅអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា យោងតាមសហរដ្ឋអាមេរិក និងក្រុមអ្នកវិភាគផ្នែកយោធារបស់លោកខាងលិច គឺទាហានរុស្ស៉ីខ្ទង់សែននាក់ បានបាត់បង់ជីវិត ក្នុងសង្រ្គាមរយៈពេល១០ខែមកនេះ ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានលើអ៊ុយក្រែន។ ថ្ងៃទី២១ ខែកញ្ញា ជាលើកចុងក្រោយបំផុត ដែលរុស្ស៉ីបានបញ្ចេញតួលេខជាសាធារណៈ អំពីកងទ័ពរុស្ស៉ីដែលស្លាប់នៅទីនោះ គឺត្រឹម ៥,៩៣៧នាក់ប៉ុណ្ណោះ៕