(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធាតៃវ៉ាន់បានចល័តក្រុមយន្តហោះចម្បាំង ដើម្បីទៅបណ្តេញក្រុមយន្តហោះយោធារបស់ចិនសរុប ៣៩គ្រឿង ដែលបានហោះចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណ សម្រាប់ការពារដែនអាកាស ហៅកាត់ថា ADIZ របស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។
ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ កងទ័ពអាកាសចិនបានធ្វើបេសកកម្មកាន់តែញឹកញាប់ឡើងៗ ជាពិសេសចូលមកក្នុងចំណុចភាគខាងត្បូងនៃតំបន់ ADIZ របស់តៃវ៉ាន់។ យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ ដែលរៀបរាប់អំពីសកម្មភាពរបស់យោធាចិន នៅតំបន់ ADIZ របស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គឺការទន្ទ្រានចូលមកនាថ្ងៃព្រហស្បតិ៍នេះ រួមមានយន្តហោះចម្បាំងចិន២១គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក H-6 ៤គ្រឿង ព្រមទាំងយន្តហោះផ្សេងទៀត ដូចជាប្រភេទឈ្លបការណ៍និងប្រកាសអាសន្ន ប្រភេទប្រឆាំងនាវាមុជទឹក និងប្រភេទចាក់សាំងលើអាកាស។
មិនតែប៉ុណ្ណោះ តៃវ៉ាន់ក៏បានប្រទះឃើញនាវាយោធាចិន៣គ្រឿង នៅក្បែរដែនកោះរបស់ខ្លួនផងដែរ។ ក្រុមយន្តហោះចម្បាំងតៃវ៉ាន់ ក្នុងចំនួនមិនត្រូវបានបញ្ជាក់ ត្រូវបានបញ្ជូនឡើងលើផ្ទៃអាកាស ដើម្បីព្រមានឱ្យក្រុមយន្តហោះរបស់យោធាចិន ចាកចេញទៅវិញ ខណៈប្រព័ន្ធមីស៉ីលតៃវ៉ាន់ បានឃ្លាំមើលសកម្មភាពយន្តហោះទាំងនោះជាប់។
គួរបញ្ជាក់ថា ប្រទេសជាច្រើនសុទ្ធតែមានតំបន់ ADIZ រៀងៗខ្លួន រួមទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងចិន ហើយវាខុសគ្នាពីតំបន់ដែនអាកាសអធិបតេយ្យ។ តំបន់ ADIZ លាតសន្ធឹងហួសពីតំបន់ដែនអាកាស ដើម្បីឱ្យយន្តហោះបរទេសដែលចូលមកក្នុងតំបន់នេះ អាចប្រកាសពីអត្តសញ្ញាណរបស់ខ្លួនប្រាប់ដល់ អាជ្ញាធរអាកាសចរណ៍ប្រចាំតំបន់។ សម្រាប់តំបន់ ADIZ របស់តៃវ៉ាន់ គឺមានទំហំធំឆ្ងាយជាង ដែនអាកាសផ្ទាល់របស់តៃវ៉ាន់ ហើយនៅកន្លែងខ្លះវាជាន់គ្នាជាមួយតំបន់ ADIZ របស់ចិន ហើយថែមទាំងរាប់បញ្ចូលដែនអាកាសរបស់ចិន តែម្តងទៀតផង៕