(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន កំពុងតែពិចារណាប្រារព្ធសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំរួមគ្នាជាលើកដំបូង ក្នុងរយៈពេល៦ឆ្នាំមកនេះ នៅឆ្នាំ២០២៣ ចំពោះមុខការកើនឡើងកៃការគំរាមកំហែងយោធា ពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ចេអន ហាឃ្យូ (Jeon Ha Gyu) បាននិយាយថា គំនិតនៃការធ្វើសមយុទ្ធខាងលើ ត្រូវបានលើកឡើង ស្របពេលដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាអំពីការត្រៀមរៀបចំសម្រាប់អបអរខួបទី៧០ នៃសម្ពន្ធភាពប្រទេសទាំងពីរ នៅឆ្នាំក្រោយ។

លោក ចេអន បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីអបអរ​ឱកាសនោះ យើងកំពុងតែពិចារណាលើមធ្យោបាយផ្សេងៗ ដើម្បីបង្ហាញពីកម្លាំងយោធាយើង ក៏ដូចជាសមត្ថភាពទប់ទល់ការពារយ៉ាងមហិមានៃសម្ពន្ធភាពរបស់យើង ប្រឆាំងនឹងកូរ៉េខាងជើង។ ហេតុដូច្នេះ សមយុទ្ធយោធាបាញ់គ្រាប់ពិតរួមគ្នា អាចជាជម្រើសមួយក្នុងចំណោមនោះ»

ការធ្វើសមយុទ្ធយោធាខាងលើ នឹងក្លាយជាការសម្ញែងដាច់ដុំរួមគ្នាមួយបន្ថែមទៀត រវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន ដែលត្រូវបានបន្តឡើងវិញ នៅក្រោមរដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) ដែលបាន​ប្តេជ្ញាពង្រឹងសមត្ថភាពយោធា និងការត្រៀមលក្ខណៈ ដើម្បីរារាំងការអភិវឌ្ឍសព្វាវុធរបស់កូរ៉េខាងជើង។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិក បានចល័តយន្តហោះចម្បាំង F-22 របស់ខ្លួន ឱ្យចូលរួមសមយុទ្ធជាមួយកូរ៉េខាងត្បូងជាលើក​ដំបូង ចាប់តាំងពីឆ្នាំ២០១៨មក តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានរិះគន់ប្រទេសទាំងពីរ ហើយប្តេជ្ញាធ្វើតេស្តមីស៉ីល​ឱ្យចាស់ដៃថែមទៀត។

រីឯកាលពីខែកញ្ញា សម្ពន្ធមិត្តទាំងពីរបានធ្វើសមយុទ្ធជាលើកដំបូង ដែលមានការចូលរួមពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក គិតចាប់តាំងពីឆ្នាំ២០១៨មក។ សមយុទ្ធយោធារួមគ្នាទាំងនេះ ត្រូវបានផ្អាកនៅក្រោមរដ្ឋបាលរបស់ អតីតប្រធានាធីបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន ដែលផ្តោតអាទិភាពទៅលើការធ្វើប្រាស្រ័យទាក់ទង និងចរចាគ្នាដោយសន្តិវិធីជាមួយកូរ៉េខាងជើង។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានចាត់ទុក សមយុទ្ធយោធារវាងកូរ៉េខាងត្បូងនិងអាមេរិក ជាការហាត់សមដើម្បីឈ្លានពានលើខ្លួន។ នៅក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីលច្រើនមិនធ្លាប់មានឡើយ ក្នុងនោះរួមមានទាំងមីស៉ីលបាលិស្ទីគ ICBM ដែលអាចបាញ់ដល់សហរដ្ឋអាមេរិកថែមទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមមន្រ្តីកូរ៉េខាងត្បូងនិងអាមេរិក បានអះអាងថា ព្យុងយ៉ាង​បានសម្រេចជាស្ថាពរ នូវការត្រៀមលក្ខណៈ សម្រាប់ការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរឡើងវិញ ដែលនឹងជាលើកទី៧ របស់កូរ៉េខាងជើង ហើយនឹងជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក៕