(វ៉ាស៊ីនតោន)៖ កាលពីខែវិច្ឆិកា ឆ្នាំ២០២២នេះ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ៍ Mark Milley បានបង្កភាពភ្ញាក់ផ្អើលនៅក្នុងចំណោម បណ្ដាប្រទេសលោកខាងលិច បន្ទាប់ពីលោកលើកឡើងថាគ្មានភាគីណាមួយ អាចទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន តាមមធ្យោបាយយោធាសុទ្ធសាធ នោះទេ។ បើតាមលោក Milley បច្ចុប្បន្ន អ៊ុយក្រែនកំពុងស្ថិតនៅលើគោលជំហរមួយដ៏រឹងមាំ ហើយរដូវរងានេះអាចជាពេលវេលាល្អសម្រាប់ការពិចារណាលើ កិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី។
ដើម្បីការពារគំនិតរបស់លោក លោក Milley ក៏បានរំឮកឡើងវិញផងដែរពីសង្រ្គាមលោកលើកទី១ ដោយសង្កត់ធ្ងន់ថា «បរាជ័យក្នុងការចាប់យកឱកាស បានបណ្ដាល ឱ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត»។ ការកត់សម្គាល់របស់លោក Milley ទទួលរងការរិះគន់យ៉ាងខ្លាំងពីអ៊ុយក្រែន ប៉ូឡូញ ប្រទេសក្នុងតំបន់បាល់ទិក និងចក្រភពអង់គ្លេសដែលសុទ្ធសឹងតែត្រូវបានគេហៅថាជា «ក្រុមប្រទេសគាំទ្រយុត្តិធម៌ និងចង់ឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះទាំងស្រុងតាមមធ្យោបាយយោធា»
ដូចដែលនាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី Kaja Kallas បានលើកឡើងនៅក្នុងអត្ថបទមួយចុះផ្សាយដោយកាសែតអាមេរិក Foreign Affairs។
លោកស្រី Kaja Kallas បានគូសបញ្ជាក់ថា «ការបោះជំហានតែមួយគត់ឆ្ពោះទៅរកសន្តិភាព នោះគឺបណ្ដេញរុស្ស៉ីចេញពីអ៊ុយក្រែន»។ ក្នុងន័យនេះ បរាជ័យរបស់រុស្ស៉ី សមាជិកភាព NATO របស់អ៊ុយក្រេន ការនាំខ្លួនមេដឹកនាំនយោបាយ និងយោធារុស្ស៉ីឡើងសវនាការកាត់ទោសពីឧក្រិដ្ឋកម្មសង្រ្គាម និងជួសជុលការខូចខាត គឺជារឿងដ៏សំខាន់ដើម្បីឈានដល់សន្តិភាព។ ផែនការសន្តិភាពចំនួន១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលត្រូវបានបញ្ចេញ កាលពីខែវិច្ឆិកាកន្លងទៅនេះក៏មានលក្ខណៈស្រដៀងគ្នាទៅនឹងការលើកឡើងរបស់លោកស្រី Kallas ដែរ។
ជាការពិតណាស់ ការអត្ថាធិប្បាយរបស់លោក Milley បានបង្កឱ្យមានភាពចម្រូងចម្រាស។ តែទោះជាបែបនេះក្ដី ការចង់បានរបស់ក្រុមបណ្ដាប្រទេសគំាទ្រយុត្តិធម៌ ដែលចង់ឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះទាំងស្រុង ជារឿងប្រថុយប្រថានមួយដ៏គ្រោះថ្នាក់។ បានន័យថាជ័យជម្នះទាំងស្រុងសម្រាប់អ៊ុយក្រែននឹងតម្រូវឱ្យមាន សង្រ្គាមរយៈពេលវែង ឬយូរអង្វែង ហើយសម្រាប់អ្នកដែលចង់បានជ័យជម្នះទាំងស្រុង លោកខាងលិចត្រូវតែរក្សាឱ្យបាននូវការផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវអាវុធ និងធនធានដែលត្រូវការជាចាំបាច់ ដើម្បីអាចបន្តតស៊ូប្រយុទ្ធ និងរង់ចាំរហូតដល់រុស្ស៉ីចាញ់ ឬក៏លោក ពូទីន ត្រូវអស់អំណាច។
ក៏ប៉ុន្តែ សង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ បានបង្កការខាតបង់យ៉ាងសម្បើមដល់អ៊ុយក្រែន លោកខាងលិច រួមទាំងរុស្ស៉ីផងដែរ។ ប្រជាជនអ៊ុយក្រែនជាង ៦លាននាក់ បានក្លាយជា ជនភៀសខ្លួន រីឯសេដ្ឋកិច្ចអ៊ុយក្រែនបានធ្លាក់ដល់បាត ខណៈការបំផ្លិចបំផ្លាញរបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន កំពុងនាំទៅរកមហន្តរាយមនុស្សធម៌ មួយនៅក្នុងរដូវរងានេះ។ សព្វថ្ងៃនេះ ដង្ហើមសេដ្ឋកិច្ច និងការធ្វើប្រតិបត្តិការយោធារបស់អ៊ុយក្រែនដែលចំណាយលុយអស់រាប់ពាន់លានដុល្លារ គឺពឹងផ្អែកស្ទើរតែ ទាំងស្រុងលើជំនួយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលកំពុងប្រឈមមុខនឹងអតិផរណា និងតម្លៃថាមពលឡើងថ្លៃជាលំដាប់ ខណៈទោះជាបរាជ័យជាបន្តបន្ទាប់ នាពេលកន្លងមកក៏ដោយ ក៏រុស្ស៉ីកំពុងប្រមូលផ្ដុំកម្លាំងទ័ពឡើងវិញ និងមិនទាន់បរាជ័យទាំងស្រុងនោះទេ។
លទ្ធផលដ៏ប្រសើរមួយដែលធ្លាប់ត្រូវបានលើកយកមកពិចារណាសម្រាប់អ៊ុយក្រែន នោះគឺការដកកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន ពោលគឺត្រឡប់ទៅរកស្ថានភាព មុនពេលលោក ពូទីន បញ្ជូនកងទ័ពឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក៏ប៉ុន្តែ តាមពិតទៅ ទោះជារុស្ស៉ីយល់ព្រមដកកងទ័ពក៏ដោយ ក៏មិនអាចលុប បំបាត់ការភ័យខ្លាចរបស់ប្រជាជនអ៊ុយក្រែន ចំពោះលទ្ធភាពដែលរុស្ស៉ីអាចនឹងឆ្លៀតឱកាសបើកការឈ្លានពានសាជាថ្មីបាននោះដែរ ហើយដែលក្នុងន័យនេះវាមិនមាន ភាពប្រាកដប្រជានោះទេថាការកំញើញផែ្នកយោធាអាចនឹងនាំទៅរកសន្តិភាព។ ដូច្នេះអ្វីដែលខ្វះនៅពេលនេះ គឺ «ផែនការនយោបាយដ៏ឡូហ្សិកមួយ» ដើម្បីនាំទៅរកការ បិទបញ្ចប់ក្ដីឈឺចាប់ ហើយធានាឱ្យអ៊ុយក្រែន ថារុស្ស៉ីនឹងមិនធ្វើការឈ្លានពានម្ដងទៀតឡើយ ទោះជាលោក ពូទីន នៅតែបន្តកាន់អំណាចក៏ដោយ។ នៅត្រង់ចំណុចនេះ វាតម្រូវឱ្យរុស្ស៉ីទទួលស្គាល់ថាខ្លួនមិនអាចឈ្នះ ប៉ុន្តែក៏តម្រូវផងដែរឱ្យអ៊ុយក្រែនទទួលស្គាល់ថាជ័យជម្នះទាំងស្រុង ជារឿងមិនអាចទៅរួច។ ម្យ៉ាងវិញទៀត ដើម្បីសម្រេច គោលបំណងនេះ បណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រូវបញ្ឈប់ការចាត់ទុកថា «រុស្ស៉ីជារដ្ឋមួយដែលមិនត្រូវបានគេស្វាគមន៍» និងអាចត្រឡប់មករកទំនាក់ទំនង ជាប្រក្រតីវិញជាមួយអឺរ៉ុប ហើយក្នុងពេលជាមួយគ្នាត្រូវផ្ដល់ការធានាខាងសន្តិសុខដ៏គួរឱ្យទុកចិត្តដល់ទីក្រុងកៀវ។
ឬអាចនិយាយមួយបែបទៀតថា ចក្ខុវិស័យសម្រាប់រុស្ស៉ី នៅក្រោយសង្រ្គាម គួរតែសមស្របជាមួយចក្ខុវិស័យរបស់លោកខាងលិចសម្រាប់អ៊ុយក្រែន នៅក្រោយសង្រ្គាម ជាមួយការខណ្ឌចែកយ៉ាងច្បាស់រវាងព្រំដែននៃអ្នកដែលឈ្លានពានគេ និងជនរគ្រោះត្រូវបានគេឈ្លានពាន។ ប្រជាជននៅតាមបណ្ដាប្រទេសលោកខាងលិចមួយចំនួន អាចនឹងងាយស្រួលក្នុងការបញ្ចុះបញ្ចូល តែវាជារឿងពិបាកបំផុតក្នុងការបញ្ចុះបញ្ចូលឱ្យអ៊ុយក្រែនយល់ព្រមទទួលយកផែនការដូចដែលបានរៀបរាប់ពីខាងលើ។ ផែនការ របស់លោក ហ្សេលេនស្គី ផ្ដោតជាសំខាន់លើយុត្តិធម៌ និងសំណងជួសជុលការខូចខាតទាំងឡាយ ដែលនេះមានន័យស្មើនឹងការចាំបង្ខំឱ្យរុស្ស៉ីត្រូវតែអនុវត្ត។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អឺរ៉ុបខាងកើត មិនចង់ឱ្យរុស្ស៉ីរួចខ្លួនទៅដោយទទេៗនោះទេ និងប្រឆាំងជាដាច់ខាតទៅនឹងរាល់ការផ្ដល់ការធានាសន្តិសុខឱ្យទីក្រុងមូស្គូ។
សម្រាប់ពួកគេ លក្ខខណ្ឌនៃសន្តិភាពអាចនឹងត្រូវបានប្រកាស លុះត្រាតែរុស្ស៉ីទទួលស្គាល់បរាជ័យរបស់ខ្លួន ឬក៏លោក ពូទីន ត្រូវអស់អំណាច។ តែលក្ខខណ្ឌបែបនេះ មានតែធ្វើឱ្យសង្រ្គាមកាន់តែអូសបន្លាយ រីឯប្រជាជនអ៊ុយក្រែនក៏រងការឈឺចាប់កាន់តែយូរដូចគ្នាដែរ។ ការរៀបចំផែនការសន្តិភាព ក្នុងពេលដែលសង្រ្គាមរបស់លោក ពូទីន កាន់តែមានភាពសាហាវឃោរឃៅ វាមិនមែនជាការបង្ហាញភាពទន់ភ្លន់ចំពោះរុស្ស៉ី ឬក៏ជាការបំភ្លេចចោលនូវទង្វើឈ្លានពានរបស់ទីក្រុងមូស្គូនោះទេ។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃយុទ្ធសាស្ត្រ ការប្រុងប្រយ័ត្ន និងនយោបាយប្រាកដប្រជាដែលលោកខាងលិច និងអ៊ុយក្រែន អាចប្រើដើម្បីទប់ស្កាត់កុំឱ្យប្រជាជនរុស្ស៉ី ភាគច្រើនដែលកំពុងគាំទ្រសន្តិភាព ដើរដល់ចំណុចមួយដែលបង្ខំឱ្យពួកគេត្រូវជ្រើសរើសរវាង «សង្រ្គាម និងបរាជ័យ» ឬក៏អាចនឹងធ្វើឱ្យប្រជាជនរុស្ស៉ីកាន់តែច្រើនឡើង គាំទ្រសង្រ្គាមរបស់លោក ពូទីន ក្នុងបរិបទដែលបុរសខ្លាំងរូបនេះកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យប្រជាជនរុស្ស៉ីយល់ថាសង្រ្គាមនៅអ៊ុយក្រែនជាសង្រ្គាមរវាងរុស្ស៉ី និងលោកខាងលិច ដើម្បីការពារអធិបតេយ្យ និងអនាគតរបស់រុស្ស៉ី។
សង្រ្គាមកាន់តែអូសបន្លាយ ផលវិបាកក៏កាន់តែអាក្រក់ទៅៗផងដែរ។ នៅក្នុងសម័យសង្រ្គាមលោកលើកទី១ ចក្រភព និងអាណាចក្រជាច្រើនបានដួលរលំនៅទូទាំង តំបន់អឺរ៉ុប ហើយនេះបានក្លាយជាគ្រាប់ពូជនៃសង្រ្គាមលោកលើកទី២ និងនាំទៅរកការលេចមុខឡើងនូវមេដឹកនាំផ្ដាច់ការដូចជា មូសស៊ូលីនី និងហ៊ីត្លែរ។ នៅក្នុង ប្រវត្តិសាស្ត្រ សង្រ្គាមរវាងបារាំង និងអាល្លឺម៉ង់ដណ្ដើមយកទឹកដី អាល់សាស់ ឡូរ៉ែន (Alsace-Lorraine) និងសង្រ្គាមរវាងស៊ែរប៊ី និងក្រូអាស៊ី នៅក្នុងសង្រ្គាមបូស្នី បានបង្កសោកនាដកម្មលើភាគីទាំងសងខាង ហើយរបួសនៃសង្រ្គាមទាំងនេះត្រូវបន្សល់ទុកឱ្យអ្នកជំនាន់ក្រោយជាច្រើនជំនាន់ជាអ្នកព្យាបាលទៅវិញ។
ផលប៉ះពាលរយៈពេលវែងនៃសង្រ្គាមនៅអ៊ុយក្រែន មិនអាចត្រូវបានប៉ាន់ស្មានឱ្យជាក់លាក់ឡើយ។ ប៉ុន្តែការស្វែងយល់ដឹងពីផលប៉ះពាល់នៃអស្ថិរភាពរយៈពេលវែង និងការបំផ្លាញបំផ្លាញធ្ងន់ធ្ងរហួសប្រមាណ គួរតែអាចឆ្លុះបញ្ចាំងបានពីតម្រូវការសម្រាប់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយដែលអាចផ្ដល់ឱ្យអ៊ុយក្រែននូវសន្តិសុខរបស់ខ្លួន និងរុស្ស៉ីនូវអនាគតរបស់ខ្លួន៕