(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានជួបសមភាគីចិន លោក Wang Yi នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ (២១ ធ្នូ) បន្ទាប់ពីមានសារឆ្លងឆ្លើយរវាងមេដឹកនាំនៃប្រទេសទាំងពីរ ខណៈដែលដៃគូពាណិជ្ជកម្មសំខាន់ៗ ស្វែងរក​ការ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ដែលមានស្ថេរភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ​​ ទី២១ ខែធ្នូ ឆ្នាំ២០២២។

ទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប្រទេសចិនបានដាក់ទណ្ឌកម្មលើការនាំចេញរបស់អូស្ត្រាលី បន្ទាប់ពីទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ អំពីប្រភពដើមនៃវីរុសកូរូណា (កូវីដ១៩)។

លោកស្រី Wong បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំថា ពួកគេបានពិភាក្សាពីការធ្វើពាណិជ្ជកម្ម សិទ្ធិមនុស្ស ជនជាតិអូស្ត្រាលីពីរនាក់ដែលត្រូវបានឃុំខ្លួន ក៏ដូចជាច្បាប់ និងបទដ្ឋានសកលដែលគាំទ្រដល់សន្តិសុខ និងវិបុលភាព។

លោកស្រីបាននិយាយថា «យើងមានទស្សនៈខុសៗគ្នាអំពីរបៀបដែលប្រព័ន្ធនយោបាយរបស់យើងគួរដំណើរការ ហើយយើងមានផលប្រយោជន៍ខុសៗគ្នា ប៉ុន្តែយើងត្រូវស្វែងរកការគ្រប់គ្រងភាពខុសគ្នាទាំងនោះ»

លោកស្រី​បាន​និយាយ​ទៀតថា​ លោកស្រី​បាន​ស្នើ​ឱ្យ​មាន​ «ការ​ពិភាក្សា​ដែល​មាន​រចនាសម្ព័ន្ធ​បន្ថែម​ទៀត» រួម​ទាំង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច។

សេចក្តីថ្លែងការណ៍លទ្ធផលរួម ដែលចេញផ្សាយដោយអូស្ត្រាលីបាននិយាយថា ភាគីទាំងពីរបានយល់ព្រម «ចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ» លើបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបញ្ហាតំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថា មុនកើតមានវិបត្តិការទូត ប្រទេសទាំងពីរតែងតែជួបប្រជុំប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី និងនាយករដ្ឋមន្ត្រីចិន ក្រោម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ប៉ុន្តែកំលុងវិបត្តិ សូម្បីតែការហៅទូរស័ព្ទរវាងរដ្ឋមន្ត្រីក៏ពុំមានដែរ៕