(អ៊ីស្លាម៉ាបាដ)៖ មូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ បានបែងចែកប្រាក់ជាង ២៨១លានដុល្លារដល់ប្រទេសប៉ាគីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

លោក Sajid Hussain Shah អ្នកនាំពាក្យក្រសួងសម្របសម្រួលសេវាសុខភាពជាតិបាននិយាយថា មូលនិធិនេះនឹងត្រូវផ្ទេរទៅឱ្យនាយកដ្ឋានជាតិ ដែលគ្រប់គ្រងជំងឺនៅទូទាំងប្រទេស ដែលនឹងប្រើប្រាស់វាដើម្បីការពារសហគមន៍មូលដ្ឋាន ពីមេរោគអេដស៍ ជំងឺរបេង និងគ្រុនចាញ់។

មន្ត្រីរូបនេះបានបន្ថែមថា ថវិកាសរុបចំនួន ៦៥លានដុល្លារអាមេរិក ត្រូវបានបម្រុងទុកសម្រាប់អ្នកជំងឺអេដស៍ ខណៈប្រមាណ ១៨២លានដុល្លារ នឹងត្រូវបែងចែកសម្រាប់ព្យាបាលជំងឺរបេង រួមទាំង ៣៤លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់៕