(ប៉េកាំង)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) នៅថ្ងៃពុធនេះ បានប្រកាសឱ្យដឹងថា រូបលោកបានធ្វើទស្សនកិច្ច ដែលមិនបង្ហើបឱ្យដឹងជាមុនមកកាន់ទីក្រុងប៉េកាំង និងបានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ខណៈវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានលើកយកមកពិភាក្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

លោក ម៉េដវេដេវ ដែលបច្ចុប្បន្នមានតួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានបង្ហោះឃ្លីបវីដេអូមួយ នៅលើឆាណែល Telegram របស់លោក ដែលបង្ហាញពីសកម្មភាពរូបលោកជួបជាមួយ ប្រធានាធិបតីចិន ហើយចាប់ដៃនិងញញឹមរាក់ទាក់គ្នា។ លោក ម៉េដវេដេវ បានប្រាប់ថា លោកនិងលោក ស៉ី បានជជែកអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្មានដែនកំណត់របស់ប្រទេសទាំងពីរ ព្រមទាំងអំពីសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោក ម៉េដវេដេវ មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទៀតឡើយ។

អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបាននិយាយដូច្នេះថា «យើងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្សកាន់អំណាចនៃ​ប្រទេសចិននិងរុស្ស៉ី ក៏ដូចជាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្រោមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្រ្តរបស់យើង រួមមានទាំងសេដ្ឋកិច្ច និងផលិតកម្មផ្នែកឧស្សាហកម្ម។ ពួកយើងក៏បានជជែកអំពីបញ្ហាអន្តរជាតិផងដែរ ដែលប្រាកដណាស់ គឺរួមមានទាំងវិបត្តិជម្លោះ​នៅអ៊ុយក្រែន»

គួរបញ្ជាក់ថា រុស្ស៉ីបានខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង បន្ទាប់ពីទទួលរងការដាក់​ទណ្ឌកម្មយ៉ាងចាស់ដៃ ពីក្រុមប្រទេសលោកខាងលិច ដោយសារតែការឈ្លានពានលើអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក។ ទីក្រុងមូស្កូកំពុងព្យាយាមលើកកម្ពស់ ចំណងទាក់ទងផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយចិន ដើម្បីប៉ះប៉ូវមកវិញ នូវការធ្លាក់ចុះយ៉ាងដុនដាបនៃទំនាក់ទំនង ជាមួយលោកខាងលិច៕