(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ត្រូវបណ្តាញសារព័ត៌មានពិភពលោកបានរាយការណ៍អំពីការធ្វើដំណើរជាលើកដំបូងទៅកាន់សហរដ្ឋអាមេរិក។ តើដំណើរទៅកាន់រដ្ឋធានី វ៉ាស្ហ៊ីនតោននោះ នឹងជាដំណើររកការបន្តឬបញ្ចប់សង្គ្រាម?

ប្រធានាធិបតីអ៊ុយក្រែនបានធ្វើដំណើរទៅសហរដ្ឋអាមេរិកស្របពេលដែលសង្គ្រាមក្នុងប្រទេសបានឈានចូលដល់ថ្ងៃទី៣០០ហើយ។ នេះជាដំណើរលើកដំបូងចាកចេញពីប្រទេស បន្ទាប់ពីរយៈពេល៣០០ថ្ងៃកន្លងមកនេះ លោក ហ្សេឡិនស្គី គឺជាចំណុចគោលដៅនៃការតាមសម្លាប់របស់រុស្ស៊ី។ 

មន្ត្រីអាមេរិកបាននិយាយថា លោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេឡិនស្គីនឹងជួបពិភាក្សាគ្នានៅសេតវិមាន នៅថ្ងៃពុធ ទី២១ធ្នូឆ្នាំ២០២២នេះ ដែលជំនួបនោះនឹងមានការផ្តោតខ្លាំងលើទំនោរសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមេដឹកនាំរុស្ស៊ី លោក ពូទីន ទើបនឹងជួបថ្មីៗជាមួយនឹងសមភាគីបេឡារុសលោក អាឡិចសាន់ដឺ លូកាឈិនកូ (Alexander Lukashenko) ក្នុងវិមានឯករាជ្យរបស់ប្រធានាធិបតីក្នុងក្រុងមីនស្ក៍ (Minsk)។

ដំណើរទស្សនកិច្ចទៅកាន់សេតវិមានមិនមែនជាដំណើរទស្សនកិច្ចបើកចំហរដែលគេអាចដឹងជាមុននោះឡើយ។ សេចក្តីរាយការណ៍បានបង្ហាញការរៀបចំការពារសន្តិសុខយ៉ាងតឹងរ៉ឹង ជុំវិញការធ្វើទស្សនកិច្ចដំបូងរបស់ លោក ហ្សេឡិនស្គី ដែលនឹងមានការជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន មន្ត្រីជាន់ខ្ពស់របស់សេតវិមាន និងដំណើរទស្សនកិច្ចនៅវិមានសភា Capitol Hill ថែមទៀត។  

មន្ត្រីសេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចរបស់ លោក ហ្សេឡិនស្គី ឬក៏មានសេចក្តីប្រកាសណាពាក់ព័ន្ធនឹងជំនួយសន្តិសុខថ្មីនោះដែរ។

ប៉ុន្តែយោងតាមស៊ីអិនអិន ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់បញ្ជាក់ថា លោក បៃដិន គ្រោងនឹងប្រកាសការផ្តល់ជំនួយសន្តិសុខបន្ថែមចំនួន ១.៨ពាន់លានដុល្លារដល់អ៊ុយក្រែននក្នុងអំឡុងពេលទស្សនកិច្ចនេះ ដែលនៅក្នុងកញ្ចប់ជំនួយនោះ ក៏នឹងមានបញ្ចូលប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិកថែមទៀត។

មន្ត្រីវិមានក្រឹមឡាំង បានថ្លែងព្រមានសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននូវ «ផលវិបាកមិនអាចចៀសវាងបានឡើយ» បើសិនជាហ៊ានបញ្ជួនប្រព័ន្ធមីស៊ីល Patriot នេះដល់អ៊ុយក្រែននោះពិតមែន។ ក្រសួងការបរទេសរុស្ស៊ី ថែមទាំងបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនទៀតថា ប្រសិនបើសហរដ្ឋអាមេរិកផ្តល់មីស៊ីល Patriot ដល់អ៊ុយ ក្រែន ប្រព័ន្ធអាវុធទាំងនោះរួមនិងក្រុមធ្វើដំណើរទៅជាមួយ នឹងក្លាយជា "គោលដៅស្របច្បាប់" សម្រាប់យោធារុស្ស៊ីក្នុងការវាយប្រហារ។ ការគំរាមនេះ មិនមានការធ្វើប្រតិកម្មតបណាមួយពីសហរដ្ឋអាមេរិកនោះទេ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់នៅឡើយទេថា តើមីស៊ីល Patriot ចំនួនប៉ុន្មានគ្រឿង ដែលនឹងត្រូវបញ្ជូន ប៉ុន្តែឧបករណ៍មួយសម្រាប់របស់ប្រព័ន្ធមីស៊ីលការពារអាកាស Patriot នឹងរួមមានរ៉ាដាសម្រាប់ចាប់និងតាមដានគោលដៅ កុំព្យូទ័រ ឧបករណ៍បង្កើតថាមពល ស្ថានីយត្រួតពិនិត្យការភ្ជាប់ និងមានកាណុងមីស៊ីលបាញ់ចំនួនប្រាំបីដែលនីមួយៗមានឧបករណ៍បាញ់ ត្រៀមចំនួនបួនមីស៊ីល។
តម្លៃគ្រាប់មីស៊ីលសម្រាប់ការបាញ់ស្ទាក់ចាប់គ្រាប់សត្រូវនោះ មានតម្លៃប្រហែល ៤លានដុល្លារក្នុងការបាញ់ម្តង និងបំពង់បាញ់របស់វានីមួយៗតម្លៃ ១០លានដុល្លារ។

មន្ត្រីជំនាញ បានថ្លែងថាបើយោងតាមតម្លៃនោះ ការប្រើប្រាស់ប្រព័ន្ធមីស៊ីល Patriot សម្រាប់ការបាញ់ទម្លាក់ដ្រូនតូចៗរបស់អ៊ីរ៉ង់មានតម្លៃថោកដែលរុស្ស៊ីបានទិញប្រើប្រាស់ក្នុងសមរភូមិនៃទឹកដីអ៊ុយក្រែននោះ គឺជាការបង្ខាតថវិកា។

វរសេនីយ៍ឯកបម្រុងកងម៉ារីនដែលចូលនិវត្តន៍ លោក Mark Cancian បាននិយាយថាការបាញ់កាំជ្រួចតម្លៃរាប់លានដុល្លារដាក់លើដ្រូនតម្លៃត្រឹម៥ម៉ឺនដុល្លារគឺជាទង្វើដ៏ខាតបង់ នោះទៅវិញទេ។ ការបំពាក់អាវុធ Patriot មួយសម្រាប់របស់វា នឹងអាចត្រូវការទាហានជំនួយច្រើនរហូតដល់ ៩០នាក់ ដើម្បីប្រតិបត្តិការផង និងការថែរក្សាវាផង។ អស់រយៈពេលជាច្រើនខែ សហរដ្ឋអាមេរិកមានភាពស្ទាក់ស្ទើរក្នុងការផ្តល់ប្រព័ន្ធអាវុធដ៏មានតម្លៃនិងមានរបៀបប្រើប្រាស់យ៉ាងស្មុគស្មាញនេះ ប៉ុន្តែវាប្រសើរជាងការបញ្ជួនទាហានអាមេរិកដោយផ្ទាល់ចូលទៅក្នុងការធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ីនៅលើសមរភូមិ។

ដំណើរទស្សនកិច្ចរបស់ លោក ហ្សេឡិនស្គី នេះផងទៀត គឺនៅគ្រាដែលសភាអាមេរិកត្រៀម ក្នុងសប្តាហ៍នេះ ក្នុងការអនុម័តថវិកា៤៥ពាន់លានដុល្លារ ដែលជាថវិកាបន្ថែមលើជំនួយយោធានិងសេដ្ឋកិច្ចដល់អ៊ុយក្រែន ដែលថវិកានោះគឺជាផ្នែកមួយកញ្ចប់ថវិកាទំហំ១.៧ទ្រីលានដុល្លារ ដែលនាំឱ្យទំហំនៃកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែនកើនដល់ជាង ១០០ពាន់លានដុល្លារហើយ។

ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ក្នុងពេលដែលមានការសាកសួរ អំពីដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែននេះ បានឆ្លើយបញ្ជាក់មកវិញថាលោកស្រីមិន ទាន់បានដឹងនៅឡើយទេ។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែន ទៅកាន់ទីក្រុង វ៉ាស៊ីនតោន បានធ្វើឡើងនៅចំថ្ងៃទី ៣០០ដែលមានការលុកលុយឈ្លានពានរបស់ទាហានរុស្ស៊ីនាភាគខាងកើតអ៊ុយក្រែនក្រោម ប្រតិបត្តិសន្តិភាពរបស់រុស្ស៊ី។ ដំណើរទស្សនកិច្ចរបស់ លោក ហ្សេឡិនស្គី មកសហរដ្ឋអាមេរិកនេះ គឺមួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសបេឡារុស ខណៈមានក្តីបារម្ភថាកង កម្លាំងបេឡារុសអាចនឹងត្រៀមលោតចូលក្នុងសមរភូមិអ៊ុយក្រែនជាមួយនឹងប្រទេសរុស្ស៊ី។

មេដឹកនាំបេឡារុស លោក Alexander Lukashenko បានថ្លែងបញ្ជាក់ថា បេឡារុសនឹងមិនអាចប្រឆាំងឬមិនយល់ព្រម ឬនឹងក្លាយជាសត្រូវរបស់រុស្ស៊ីជាដាច់ខាត ពីព្រោះបេឡារុស មិនចង់ក្លាយដូចជាប្រទេសអ៊ុយក្រែននោះឡើយ។ ដំណើរទស្សនកិច្ចរប ស់លោក ពូទីន ជាលើកដំបូងមកកាន់ប្រទេសបេឡារុសក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយមកនេះ ទោះជាយ៉ាងណាក៏ដោយ ត្រូវបានមេដឹកនាំប្រទេសប្រទេសទាំង២ បានបង្ហាញឱ្យអ្នកសារព័ត៌មានបានមើល ឃើញត្រឹមតែរូបភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចដែលជាកត្តាសំខាន់ ប៉ុន្តែរូប ភាពពាក់ព័ន្ធនឹងការសង្ស័យជំរុញបេឡារុសដើម្បីសហការជួយរុស្ស៊ីលើ បញ្ហាសង្គ្រាមអ៊ុយក្រែននោះមិនបានលើកឡើងនោះឡើយ។

ដំណើរទស្សនកិច្ចក្នុងប្រទេសបេឡារុសដោយ លោកពូទីននេះ គឺក្នុងរង្វង់ស្ថានការណ៍ ដែលកម្លាំងកងទ័ពរុស្ស៊ីជាច្រើនបាននិងកំពុង ស្ថិតក្នុងប្រទេសបេឡារុសតាំងពីខែតុលានោះមក។ កម្លាំងទាហានរុស្ស៊ីទាំងនោះ ត្រូវគេរាយការណ៍ថា នឹងគ្រោងធ្វើលំហាត់សមយុទ្ធជាមួយនឹង ប្រទេសបេឡារុស ប៉ុន្តែមិនមានការបញ្ជាក់ថាតើសមយុទ្ធរួមគ្នានោះនឹងត្រូវធ្វើ ក្នុងពេលណាមួយនោះទេ។

ដំណើររបស់ លោក ហ្សេឡិនស្គី មកកាន់សហរដ្ឋអាមេរិកនេះ គឺនៅបន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះទើបនឹងបានធ្វើដំណើរចូលក្នុងតំបន់ជួរមុខនៃសមរភូមិ Bakhmut នៃខេត្ត Donetsk ដែលជាកន្លែងមានការប្រយុទ្ធគ្នាខ្លាំង។ កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីត្រូវបានជាប់គាំងនៅក្នុងការប្រយុទ្ធដ៏ឃោរឃៅនៅទីនោះអស់រយៈពេលជាច្រើនខែ ប៉ុន្តែដំណើរទស្សនកិច្ចលើកទឹកចិត្តកងទ័ពអ៊ុយក្រែនក្នុងតំបន់រណសិរ្សជួរមុខនោះ ត្រូវគេឃើញមានការផ្តល់មេដាយកិត្តិយសដល់កងទ័ពប្រយុទ្ធស្ថិតក្នុងទីនោះថែមទៀត។

លោក ហ្សេឡិនស្គី បានប្រាប់ទាហានក្នុងសមរភូមិមុខទីនោះថា «លោកមានការដឹងគុណចំពោះ អ្នកដែលបានពលិជីវិតនិងលោកថាអ៊ុយក្រែននឹងរំលឹកដឹងគុណដល់ការធ្វើពលិកម្មជីវិតរបស់ អ្នកទាំងឡាយនោះដែលជាវីរបុរស»

ក្នុងដំណើរប្រកបដោយភាពគ្រោះថ្នាក់ដ៏ក្រែលែងនោះ លោក ហ្សេឡិនស្គី នៅបានថតរូប ផ្តល់មេដាយនិងថ្លែងកោតសរសើរដល់ទាហានអ៊ុយក្រែនទាំងនោះថែមទៀតដែលកន្លែងបានជួបជុំជាមួយនឹងទាហានសមរភូមិមុខនោះ ត្រូវគេរាយការណ៍ថានៅមិនឆ្ងាយពីកន្លែងទាហានរុស្ស៊ីដែលកំពុងធ្វើការវាយប្រយុទ្ធគ្នានោះឡើយ។

ទាហានអ៊ុយក្រែនត្រូវគេឃើញបានសច្ចា ប្តូរជីវិតដើម្បីការការពារទឹកដីអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ តំបន់ដូណេតស៍ គឺជាផ្នែកមួយក្នុង តំបន់ចំនួន៤ដែលរុស្ស៊ីបានកាត់យកធ្វើជាទឹកដីរណបកាលពីចុងខែកញ្ញា ឆ្នាំ២០២២ តាមការធ្វើប្រជាមតិសម្លេងគាំទ្ររបស់ពលរដ្ឋនៅទីនោះបើទោះបីជាការធ្វើប្រជាមតិនេះ ត្រូវបានគេបដិសេធថាជាអំពើខុសច្បាប់ក៏ដោយ។ ប៉ុន្តែក្រោយការកាត់តម្រឹមយកទឹកដីទាំង៤នោះមក អ៊ុយក្រែនដែលមានការផ្តល់អាវុធទំនើបនិងជំនួយសេដ្ឋកិច្ចពីប្រទេសលោកខាងលិច បានបើកការវាយប្រហារដាក់លើរុស្ស៊ីវិញ និងតំបន់ទាំង៤ មិនបានក្លាយជាតំបន់មានសុវត្ថិភាព និងមានសន្តិភាពនោះឡើយ។

លោក វ្លាឌីមៀរ ពូទីន ក្នុងឳកាសផ្តល់គ្រឿងឥស្សិរយយសដល់ មេដឹកនាំតែងតាំងក្នុងតំបន់ ទាំង៤ បានថ្លែងទទួលស្គាល់ថាតំបន់ដាក់រណបទាំង៤ពិតជាបានស្ថិតក្នុងសភាពស្មុគស្មាញនោះមែន។

លោក វ្លាឌីមៀរ ពូទីន បានថ្លែងនៅចំពោះមុខអ្នកចូលរួមដោយបញ្ជាក់ជុំវិញកត្តាសន្តិសុខនៅក្នុងតំទាំង៤នោះ បន្ទាប់ពីមានកិច្ចប្រតិបត្តិការសន្តិភាពរបស់លោកចាប់ពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២នោះមក។ លោកបញ្ជាក់ថាតំបន់ដូណេតស៍ លូហានស៍ ហ្សាប៉ូរីហ្សៀ និងខឺសឹន ពិតជាមានស្ថានភាពលំបាកប្រឈមឧបសគ្គខ្លាំងក្លាពិតប្រាកដមែន។

ប៉ុន្តែនៅជាមួយនឹងភាពស្មុគស្មាញមិនអាចដោះស្រាយបានក្នុងរង្វង់ទឹកដីដែលដាក់រណបទាំង៤កន្លែងនោះ ស្រាប់តែមានការបង្កើតពាក្យចចាមអារ៉ាមថ្មីមួយទៀតដែលនិយាយថា ប្រទេសម៉ុលដូវ៉ា ដែលជាប់នឹងរុស្ស៊ីនឹងអាចក្លាយជាមុខព្រួញឈ្លានពានថ្មីមួយទៀតរបស់រុស្ស៊ី។ ប្រធានក្រុមសម្ងាត់របស់ប្រទេស Moldova បានថ្លែងថារុស្ស៊ីនឹងអាចធ្វើការវាយប្រហារលើទឹកដីម៉ុលដូវ៉ា ក្នុងពេលណាមួយឬអាចនៅមុនចូលឆ្នាំសកលថ្មីខាងមុខនេះ។

គួរបញ្ជាក់ថា នៅលើទឹកដីម៉ុលដូវ៉ានោះ កងទ័ពរបស់រុស្ស៊ីមួយចំនួនបានស្ថិតនៅទីនោះរួចទៅហើយដែល ទឹកដីនោះ ត្រូវគេស្គាល់ថា Trannistria។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស បានថ្លែងក្នុងសប្តាហ៍នេះ រំពឹងសង្គ្រាមស៊ីសាច់ហុតឈាមគ្នានេះ នឹងអាចបញ្ចប់ក្នុងឆ្នាំ២០២៣ ដោយសារតែផលវិបាករបស់ប្រជាជនអ៊ុយក្រែន ផលវិបាកនៃសង្គមរបស់រុស្ស៊ី និងផលវិបាកសេដ្ឋកិច្ចពិភពលោក ប្រសិនណាបើគ្មានកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមនោះទេ។ ប៉ុន្តែគន្លឹះពិតប្រាកដនៃការបញ្ចប់សង្គ្រាម គឺស្ថិតរវាងការយល់ព្រមគ្នារវាងសហរដ្ឋអាមេរិកនិង រុស្ស៊ីនោះ ទៅវិញទេ។ ដំណើររបស់លោកហ្សេឡិនស្គី ទៅកាន់សហរដ្ឋអាមេរិកនេះ ត្រូវគេរំពឹងថានឹង អាចមានការ ប្រែប្រួលឥរិយាបថថ្មីណាមួយដែលអាចនាំរកការបញ្ចប់សង្គ្រាម៕