(មីនស្កិ៍)៖ ប្រទេសបេឡារុសបានចេញសេចក្តីសម្រេចមួយនៅថ្ងៃពុធនេះ ដោយដាក់កំហិតលើការចូលមកក្នុង ឬដំណើរការទៅកាន់ផ្នែកខ្លះនៃតំបន់ហ្គូមែល (Gomel) ភាគអាគ្នេយ៍ប្រទេសខ្លួន ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។
រដ្ឋាភិបាលបេឡារុស បានឲ្យដឹងតាមរយគេហទំព័រផ្លូវការថា នឹងមានការរឹតត្បិតលើការចូលមកក្នុងប្រទេស ការស្នាក់នៅបណ្តោះអាសន្ន និងការធ្វើដំណើរ នៅក្នុងតំបន់ព្រំដែននៃស្រុកឡូអីវស្គី (Loevsky) ប្រាហ្គីនស្គី (Braginsky) និងខយនីគី (Khoiniki) នៃតំបន់ហ្គូមែល។ រដ្ឋាភិបាលមិនបានបញ្ជាក់ថា ការរឹតបន្តឹងនឹងមានរយៈពេលប៉ុន្មានទេ ប៉ុន្តែបាននិយាយថាមិនអនុវត្តចំពោះមន្ត្រីនិងកម្មករ និងអ្នករស់នៅក្នុងតំបន់ទាំងនោះឡើយ។
គួរបញ្ជាក់ថា បេឡារុស បានធ្វើសមយុទ្ធប្រឆាំងវិច្ឆេទកម្ម នៅក្នុងតំបន់ហ្គូមែល កាលពីថ្ងៃទី១១ ខែតុលា។ រីឯទាហានរុស្ស៊ី បានមកដល់ប្រទេសបេឡារុស រយៈពេល៤ថ្ងៃក្រោយមក ដើម្បីចូលរួមក្នុងក្រុមយោធារួមនៃប្រទេសទាំងពីរ៕