(លីម៉ា)៖ កាលពីថ្ងៃអង្គារ ប៉េរូបានប្រកាសចាត់ទុក ឯកអគ្គរដ្ឋទូតម៉ិកស៉ិកប្រចាំប្រទេសរបស់ខ្លួន ជាបុគ្គលដែលលែងត្រូវបានស្វាគមន៍ ហើយបង្គាប់ឱ្យរូបលោកចាកចេញពីប៉េរូ ដោយទុកពេលឱ្យ៧២ម៉ោង ខណៈវាគឺជាការកើនឡើងភាពតានតឹងចុងក្រោយបំផុត រវាងប្រទេសអាមេរិកឡាទីនទាំងនេះ បន្ទាប់ពីប៉េរូបានទម្លាក់អតីតប្រធានាធិបតី លោក ផេដ្រូ កាស្ទីឡូ (Pedro Castillo) ពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។
ការសម្រេចចិត្តដូចខាងលើ របស់រដ្ឋាភិបាលទីក្រុងលីម៉ាកើតមានឡើង ក្រោយប្រមុខការទូតម៉ិកស៉ិកបានប្រកាសថា ប្រទេសលោកបានផ្តល់សិទ្ធិជ្រកដល់គ្រួសាររបស់លោក កាស្ទីឡូ ដែលត្រូវបានចោទប្រកាន់ពីបទបះបោរ និងកំពុងជាប់ឃុំឃាំង បន្ទាប់ពីព្យាយាមរំលាយសភាកាលពីថ្ងៃទី៧ ខែធ្នូ។ ភរិយានិងកូនៗរបស់លោក កាស្ទីឡូ កំពុងស្ថិតក្នុងស្ថានទូតម៉ិកស៉ិកប្រចាំប៉េរូ ហើយរដ្ឋាភិបាលម៉ិកស៉ិក បានចរចាដើម្បីផ្តល់ច្រកធ្វើដំណើរសុវត្ថិភាពដល់ពួកគេ សម្រាប់ចេញពីប្រទេសប៉េរូ។
ក្រសួងការបរទេសប៉េរូបានលើកឡើងថា ការបណ្តេញឯកអគ្គរដ្ឋទូតម៉ិកស៉ិក លោក ផាប្លូ ម៉ុនរ៉យ (Pablo Monroy) គឺដោយសារតែ ការសេចក្តីថ្លែងការណ៍ជាដដែលៗពីសំណាក់ថ្នាក់ដឹកនាំរបស់ម៉ិកស៉ិក ពាក់ព័ន្ធស្ថានការណ៍នយោបាយនៅប៉េរូ ដែលចង់សំដៅលើការគាំទ្ររបស់ប្រធានាធិបតីម៉ិកស៉ិក ចំពោះលោក កាស្ទីឡូ ដែលជាអ្នកនយោបាយឆ្វេងនិយមដូចគ្នា ចាប់តាំងពីការទម្លាក់លោក កាស្ទីឡូ តាមរយៈការបោះឆ្នោតក្នុងសំឡេងភ្លូកទឹកភ្លូកដីក្នុងចំណោមក្រុមសមាជិកសភា ហើយនិងការចាប់ខ្លួនរូបលោក។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានចេញមុខរិះគន់ធ្ងន់ៗទៅលើដំណើរការទម្លាក់លោក កាស្ទីឡូ ពីតំណែងប្រធានាធិបតី ហើយបានអះអាងថាលោក នឹងនៅតែបន្តទទួលស្គាល់លោក កាស្ទីឡូ ជាមេដឹកនាំស្របច្បាប់របស់ប៉េរូ៕