(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានបើកធ្វើកិច្ចប្រជុំកំពូលអាមេរិកនិងអាហ្វ្រិកលើកទីពីរ នេះគឺកិច្ចប្រជុំកំពូលអាមេរិកនិងអាហ្វ្រិក ដែលសហរដ្ឋអាមេរិករៀបចំធ្វើ បន្ទាប់ពីបានខកខានអស់រយៈពេល៨ឆ្នាំ។ បើមើលពីបែបបទអាចឃើញថា កិច្ចប្រជុំកំពូលលើកនេះពិតជាមានទ្រង់ទ្រាយធំណាស់។ លោក Joe Biden ប្រធានាធិបតីអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនិងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននាំគ្នា ចូលរួមកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំរបស់ប្រទេសអាហ្វ្រិកនិងសហភាពអាហ្វ្រិកចំនួន៤៩ ក៏បានធ្វើដំណើរតាមយន្តហោះទៅកាន់ក្រុងវ៉ាស៊ីនតោនផងដែរ។

សេតវិមានបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំកំពូលអាមេរិកនិងអាហ្វ្រិកលើកនេះបានគូសបញ្ជាក់ពី ពាក្យសន្យារបស់អាមេរិកស្តីពីធ្វើឱ្យទំនាក់ទំនង ជាមួយអាហ្វ្រិកមានភាពកាន់តែស៊ីជម្រៅ ។ រដ្ឋាភិបាលលោក Joe Biden នៅមានផែនការនឹងផ្តល់វិនិយោគទុនយ៉ាងហោចណាស់ ៥ម៉ឺន៥ពាន់លានដុល្លារអាមេរិកដល់ អាហ្វ្រិកក្នុងរយៈពេលបីឆ្នាំខាងមុខនេះដែរ។ ប៉ុន្តែ កិច្ចប្រជុំរយៈពេលបីថ្ងៃនេះបានបិទបញ្ចប់ក្នុងភាពខ្វែងគំនិត ។

លោក Arikana Chikhomboori Quaio អតីតតំណាងសហភាពអាហ្វ្រិក ប្រចាំនៅសហរដ្ឋអាមេរិកបានសម្គាល់ថា កិច្ចប្រជុំកំពូលអាមេរិកនិងអាហ្វ្រិកលើកនេះគឺបរាជ័យ ទាល់តែជនជាតិអាមេរិករាប់អាន នឹងជនជាតិអាហ្វ្រិកដោយស្មើគ្នា។
បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិកបានតម្កល់អាហ្វ្រិក ក្នុងឋានៈជាជាយនៃយុទ្ធសាស្ត្រសកលរបស់វា។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងអាមេរិកនិងអាហ្វ្រិក ក៏កាន់តែអាប់អួរទៅៗ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ សហរដ្ឋអាមេរិកបានស្តុកទុកវ៉ាក់សាំងជាច្រើនផង និងដឹកជញ្ជូនវ៉ាក់សាំងដែលជិតផុតកាលបរិចេ្ឆទទៅអាហ្វ្រិកផង ដែលត្រូវអាហ្វ្រិករិះគន់ថា ជា «សប្បុរសធម៌» ដ៏ក្លែងក្លាយ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកស្រាប់តែកែប្រែអាកប្បកិរិយាហើយអះអាងថា នឹងយកចិត្តទុកដាក់ដល់អាហ្វ្រិក ប្រការនេះនាំឱ្យប្រជាជនអាហ្វ្រិកមានការសង្ស័យ ចំពោះក្តីស្មោះត្រង់របស់អាមេរិក។ ពេលសហរដ្ឋអាមេរិកផ្តល់ជំនួយ ដល់អាហ្វ្រិក តែងតែមានភាពខុសគ្នាយ៉ាងខ្លាំងរវាងការនិយាយតាមមាត់និងទង្វើជាក់ស្តែង។ យក «ផែនការកម្លាំងថាមពលអគ្គិសនីរបស់អាហ្វ្រិក» ជាឧទាហរណ៍ កាលពីខែមិថុនាឆ្នាំ២០១៣ លោក Obama ប្រធានាធិបតីអាមេរិកកាលនោះបានប្រកាសពីផែនការនេះ ខណៈពេលលោកទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង ដែលបានអះអាងថា នឹងឱ្យតំបន់អាហ្វ្រិក ដែលនៅតែមានភាពងងឹតត្រូវបំភ្លឺដោយចង្កៀង។ ប៉ុន្តែគិតមកទល់ចុងឆ្នាំ២០២០ បរិមាណផលិតថាមពលអគ្គិសនីជាក់ស្តែងមិនដល់១ភាគ៤នៃពាក្យសន្យានោះទេ។

ក្រោយពី៨ឆ្នាំកន្លងទៅ ពាក្យសន្យារបស់រដ្ឋាភិបាលលោក Joe Biden ចំពោះអាហ្វ្រិកត្រូវគេមានការសង្ស័យដូចគ្នា ពីព្រោះ ការវិនិយោគតម្លៃ៥ម៉ឺន៥ពាន់លានដុល្លារអាមេរិកត្រូវចែកឱ្យប្រទេសអាហ្វ្រិកប្រហែល៥០ ដែលមិនគ្រាន់តែនឹងអនុវត្តក្នុងរយៈពេលបីឆ្នាំប៉ុណ្ណោះទេ ថែមទាំងវិនិយោគនេះនឹងដាក់ចូលក្នុងថវិកា នៅឆ្នាំ២០២៣និងអនុវត្តនៅឆ្នាំ២០២៤ ព្រមពេលជាមួយគ្នានេះ នឹងប្រឈមនឹងបញ្ហាដែលសភារាស្ត្រដែលកាន់កាប់ ដោយបក្សសាធារណរដ្ឋអាចអនុម័តថវិកាឬអត់ទៀតផង។

និយាយចំពោះអាហ្វ្រិកនាពេលបច្ចុប្បន្ន ប្រការដែលត្រូវការបំផុត គឺជំនួយដ៏ពិតប្រាកដនិងស្មោះត្រង់របស់ប្រទេសធំៗ ។ សហរដ្ឋអាមេរិកគួរតែគោរពអាហ្វ្រិកយ៉ាងប្រាកដប្រជា ធ្វើការងារជាក់ស្តែងសម្រាប់ឱ្យអាហ្វ្រិក ដើម្បីធ្វើឱ្យប្រជាជនអាហ្វ្រិកចាប់អារម្មណ៍ ពីមនោសញ្ចេតនាដ៏ស្មោះត្រង់របស់អាមេរិក ក៏ដូចជាទទួលបានការជឿទុកចិត្ត ពីអាហ្វ្រិកតាមរយៈការអនុវត្តជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន