(ប៉េកាំង)៖ នៅថ្ងៃទី២០ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។

មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី១៩ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានអះអាងក្នុងសន្និសីទសារព័ត៌មានថា ពិភពលោកទាំងមូលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះផលប៉ះពាល់ដែលបណ្តាលមកពី ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសចិន ហើយរំពឹងទុកថា ប្រទេសចិននឹងចាត់ចែងរឿងនេះដោយសមរម្យ។ ដោយគិតពិចារណាពីទំហំសេដ្ឋកិច្ចដ៏ធំធេងរបស់ចិន វាមានអំណោយផលដល់ប្រទេសចិនផងនិងពិភពលោកទាំងមូលផង។ តើប្រទេសចិនមានការឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?

លោកស្រី Mao Ning បានលើកឡើងថា ចាប់តាំងពីបានផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមក ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់ការតម្កល់ទុក ប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង ក៏ដូចជាគិតពិចារណាពីសភាពការណ៍ជាតិរបស់ខ្លួន ដើម្បីតាក់តែងគោលនយោបាយប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនចិនទាំងមូល។ ការពិតជាក់ស្តែងបានបញ្ជាក់ថា គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ ប្រទេសចិនក្នុងរយៈពេល ៣ឆ្នាំកន្លងទៅនេះបានធានាការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាបានកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ ១៩ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកស្រី Mao Ning បានថ្លែងទៀតថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ដើម្បីធានាបាននូវការរៀបចំចាត់ចែងប្រកបដោយ ប្រសិទ្ធភាពនូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែល្អ។ រដ្ឋាភិបាលចិនរីករាយរួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិដើម្បីរួមគ្នាឆ្លើយតប នឹងបញ្ហាប្រឈមខាងជំងឺឆ្លង ក្នុងន័យជំរុញការកសាងសហគមន៍រួម សុខភាពរបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន