(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមតាលីបង់បានដោះលែងជនជាតិអាមេរិកពីរនាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចំថ្ងៃដែលរបបដឹកនាំនៃក្រុមតាលីបង់ប្រឈមនឹងការថ្កោលទោសចំពោះការហាមឃាត់ស្ត្រីមិនឲ្យចូលរៀនសាកលវិទ្យាល័យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងយល់ថាវាជាកាយវិការសុច្ឆន្ទៈរបស់ក្រុមតាលីបង់។ នេះមិនមែនជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោស ឬអ្នកជាប់ឃុំនោះទេ»។
លោក ប្រាយស៍ បានបន្ថែមថា «ការនិយាយចំអកលើកាយវិការសុច្ឆន្ទៈរបស់ពួកគេ ចំពោះយើងនៅថ្ងៃដែលពួកគេបំបិទសិទ្ធិប្រជាជនអាហ្វហ្គានីស្ថាន វាមិនបង្ហាញថាចាញ់យើងទេ។ ប៉ុន្តែវាជាសំណួរសម្រាប់ក្រុមតាលីបង់ផ្ទាល់ទាក់ទងនឹងពេលវេលា ដែលពួកគេសម្រេចធ្វើរឿងនេះ»។
គួរបញ្ជាក់ថា ជនជាតិអាមេរិកទាំងពីរនាក់ ដែលបានដោះលែងរួចបញ្ជូនទៅកាន់ប្រទេសកាតា បានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីការកាន់កាប់របស់ក្រុមតាលីបង់៕