(គូឡាឡាំពួ)៖ ជនរងគ្រោះដោយទឹកជំនន់ជាង ៦៦,០០០នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ននៅទូទាំងរដ្ឋចំនួន ៥ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលភ្លៀងមូសុងបានបន្តបោកបក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

ជនរងគ្រោះដោយទឹកជំនន់សរុបចំនួន ៦៦,៧១៨នាក់ ត្រូវបានកត់ត្រានៅមជ្ឈមណ្ឌលទាំងនេះ ដោយចំនួននៅតែបន្តកើនឡើងនៅក្នុងខេត្តតឺរ៉េងហ្គានូ (Terengganu) កឺឡាន់តាន់ (Kelantan) និងប៉េណំាង (Pahang)។

យោងតាមទិន្នន័យតាមដានទឹកជំនន់របស់រដ្ឋាភិបាល កម្រិតទឹកនៃទន្លេសំខាន់ៗមួយចំនួនរួមមានទន្លេស៊ុនហ្គៃ ហ្កូឡុក (Sungai Golok) និងស៊ុនហ្គៃ ឡេបៀ (Sungai Lebir) ក្នុងរដ្ឋកឺឡាន់តាន់ (Kelantan) ត្រូវបានចាត់ទុកថាជាទីមានគ្រោះថ្នាក់។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MET Malaysia) បានឲ្យដឹងថា ទិន្នន័យបង្ហាញពីរលកទីពីរនៃខ្យល់មូសុងឦសាន ដែលពីមុនត្រូវបានព្យាករណ៍ថា នឹងអូសបន្លាយពីថ្ងៃទី១៧ ខែធ្នូ ដល់ថ្ងៃទី២១ ខែធ្នូ ហើយឥឡូវនេះត្រូវបានព្យាករថានឹងបន្តរហូតដល់ ថ្ងៃទី២៥ ខែធ្នូ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃអង្គារសប្តាហ៍នេះ មនុស្សសរុបចំនួន ៩២,១៥៧នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះនៅទូទាំងរដ្ឋចំនួន ១១ ចាប់តាំងពីខ្យល់មូសុងបានវាយប្រហារប្រទេសម៉ាឡេស៉ី កាលពីដើមខែវិច្ឆិកាមក៕