(វ៉ាស៉ីនតោន)៖ មនុស្ស ២នាក់ ត្រូវបានរាយការណ៍ថាស្លាប់ក្រោយហេតុការណ៍រញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅព្រឹកព្រលឹមថ្ងៃអង្គារសប្តាហ៍ (ម៉ោងនៅអាមេរិក) ដោយបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ប្រព័ន្ធទឹក និងធ្វើឲ្យមនុស្ស រាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

ការិយាល័យប៉ូលិសក្នុងតំបន់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១នាក់រងរបួស ហើយ ២នាក់ផ្សេងទៀតបានស្លាប់បន្ទាប់ពីការសង្គ្រោះបន្ទាន់ ផ្នែកវេជ្ជសាស្រ្ត។

ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងសាន់ហ្រ្វាន់ ស៉ីស្កូ (San Francisco) ហៅថាតំបន់ Humboldt County ដែលជាតំបន់ជនបទដ៏ធំទូលាយ និងត្រូវបានគេស្គាល់ថាជាទីតាំងឧស្សាហកម្ម និងកសិដ្ឋានទឹកដោះគោ។

គួរបញ្ជាក់ថា Humboldt County ជាតំបន់រញ្ជួយដីសកម្ម បើទោះបីជាការរញ្ជួយដីចុងក្រោយនេះហាក់ដូចជាបង្កឲ្យមានការរំខានច្រើនជាងតំបន់ផ្សេងទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ៕