(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Twitter នៅក្រោយពេលដែលរកបានអ្នកជំនួសរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

ការប្រកាសខាងលើលោក Elon Musk ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter និងក្រោយការស្ទង់មតិមួយបង្ហាញថាមិតភាគច្រើនចង់ឱ្យលោកលាលែង ពីតំណែង។ កំពូលមហាសេដ្ឋីអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ឆាប់ៗនេះ ខណៈខ្ញុំកំពុងស្វែងរកមនុស្ស កាន់តំណែងបន្ត ហើយបន្ទាប់ពីនោះ ខ្ញុំនឹងដឹកនាំក្រុមការងារ software និង servers»

គួរបញ្ជាក់ថា តាមរយៈការស្ទង់មតិរបស់កំពូលមហាសេដ្ឋីលោក Elon Musk នៅលើ Twitter កាលពីល្ងាចថ្ងៃសៅរិ៍សប្ដា៍មុន មានប្រតិកម្មប្រឆាំងនឹង ការកាន់កាប់តំណែងនៅ Twitter របស់លោកយ៉ាងច្រើន ដោយក្នុងនោះមានមតិអ្នកប្រើប្រាស់ប្រមាណ ៥៧.៥ភាគរយបានបោះឆ្នោតឱ្យ Musk ចុះចេញពីតំណែងជានាយកប្រតិបត្តិ៕