(វ៉ាស៊ីនតោន)៖ នាពេលថ្មីៗ ឈ្មោះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ កំពុងលេចឡើងនៅលើចំណងជើងធំៗ របស់សារព័ត៌មានល្បីៗ ដែលរាយការណ៍អំពីការបញ្ឈប់កម្មករ បុគ្គលិករាប់រយនាក់ និងអាចមានដល់រាប់ពាន់នាក់ក៏មាន។ ក្រុមហ៊ុន Twitter គឺជាក្រុមហ៊ុនដំបូងគេ ដែលកាត់បន្ថយបុគ្គលិករាប់រយនាក់ ក្នុងរយៈពេលតែមួយយប់ នៅថ្ងៃទី៣ ខែវិច្ឆិកា ហើយក្រុមហ៊ុន Meta ក៏បានប្រកាសថានឹងកាត់បន្ថយបុគ្គលិកជាង ១១ ០០០នាក់ផងដែរ។ នៅចុងខែវិច្ឆិកាឆ្នាំនេះ ក្រុមហ៊ុន DoorDash បានប្រកាសថា ខ្លួននឹងកាត់បុគ្គលិកចំនួន ១ ២៥០នាក់។

បើទោះជាបុគ្គលិកកម្មករមួយចំនួន ដែលរងផលប៉ះពាល់ដោយសារការកាត់បុគ្គលិកចុងក្រោយទាំងនេះ អាចទទួលបានការការពារដោយច្បាប់ WARN Act របស់សហព័ន្ធនៃសហរដ្ឋអាមេរិក ដែលស្ថិតក្រោមច្បាប់នេះ បុគ្គលិកដែលត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការបញ្ឈប់ក្នុងទ្រង់ទ្រាយធំ ត្រូវទទួលបានសំណងសម្រាប់រយៈពេល ជូនដំណឹងជាលាយលក្ខណ៍អក្សររយៈពេល ៦០ថ្ងៃ មុនពេលត្រូវបានបញ្ឈប់ និងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាប្រចាំរបស់ពួកគេ ក្នុងអំឡុងពេលនោះក៏ដោយ ក៏មានបុគ្គលិកកម្មករខ្លះ ប្រហែលជាមិនទទួលបានការការពារឡើយ។

ជាការពិត ស្ថិតក្រោមប្រព័ន្ធច្បាប់ការងារតាមឆន្ទៈ (At-will employment system) របស់សហរដ្ឋអាមេរិក បុគ្គលិកកម្មករទទួលបានការការពារតិចតួចបំផុត ដើម្បីជួយពួកគេឱ្យនៅរក្សាបានការងារធ្វើ និងដើម្បីទប់ទល់នឹងការរងគ្រោះណាមួយទាំងខាងផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត ប្រសិនបើពួកគេបាត់បង់ការការពារទាំងនោះ។ សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន នៅលើពិភពលោកដែលមានប្រព័ន្ធច្បាប់ការងារបែបនេះ។

ខាងក្រោមនេះ គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC អំពីរបៀបដែលប្រព័ន្ធច្បាប់ការងារតាមឆន្ទៈ (at-will employment) ដំណើរការ និងថា តើមូលហេតុអ្វីដែលប្រព័ន្ធនេះ ត្រូវបានអនុវត្តនៅអាមេរិក និងរបៀបដែលប្រទេសផ្សេងទៀត ដោះស្រាយបញ្ហាកម្លាំងការងាររបស់ពួកគេ៖

អ្នកអាចត្រូវបានបណ្តេញចេញពីការងារ ដោយហេតុផលណាមួយ ឬគ្មានហេតុផលអ្វីសោះលោកស្រី Najah Farley មេធាវីជាន់ខ្ពស់មួយរូប បម្រើការងារក្នុងគម្រោងច្បាប់ការងារជាតិ (NELP) បានឱ្យដឹងថា ច្បាប់ការងារតាមឆន្ទៈ «មានន័យថា អ្នកអាចត្រូវបានបណ្តេញចេញ ដោយហេតុផលណាមួយ ឬគ្មានហេតុផលអ្វីសោះ»

លោក Arick Fudali ដែលជាដៃគូ និងជាមេធាវីមកពីក្រុមហ៊ុនការពារសិទ្ធិពលរដ្ឋ Bloom Firm បានថ្លែងថា អ្នកអាចត្រូវបានបណ្តេញចេញពីការងារ «ព្រោះចៅហ្វាយនាយជួបរឿងមិនល្អ ព្រោះគាត់មានអារម្មណ៍មិនល្អ ព្រោះអ្នកមិនសើច នៅពេលគាត់និយាយរឿងកំប្លែង»
គ្មានអំពើណាមួយ ក្នុងចំណោមទាំងនេះនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថា ជាការបញ្ចប់ការងារដោយមិនស្របច្បាប់ និងមិនយុត្តិធម៌នោះទេ ទាំងជាក់ស្តែងវា គឺជាអំពើអយុត្តិធម៌ និងអំពើខុសច្បាប់។

លោកមានប្រសាសន៍ថា «ដូចគ្នានេះដែរ អ្នកអាចឈប់ពីការងារដោយមិនបាច់ បញ្ជាក់ពីហេតុផលណាមួយ ដូចគ្នាផងដែរ»

រដ្ឋម៉ុនតាណា គឺជារដ្ឋតែមួយគត់ នៅក្នុងសហរដ្ឋអាមេរិក ដែលមិនមានច្បាប់ការងារតាមឆន្ទៈ ហើយនិយោជកនៅទីនោះចាំបាច់ត្រូវមាន «ហេតុផល» ណាមួយ សម្រាប់ការបញ្ចប់ការងារបុគ្គលិកកម្មករ នេះបើយោងតាមនាយកដ្ឋានការងាររបស់រដ្ឋនេះ។ ទោះជាយ៉ាងណា នៅឆ្នាំ២០២១ ការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះច្បាប់ ស្តីពីការងាររបស់រដ្ឋម៉ុនតាណាត្រង់ចំណុចការបណ្តេញ ចេញពីការងារដោយខុសច្បាប់ (Wrongful Discharge) ដែលការកែប្រែនេះ ផ្តល់ឱ្យនិយោជកនូវសិទ្ធិបន្ថែមទៀត នៅក្នុងការបណ្តេញបុគ្គលិកកម្មករពីការងារ។

ចៅហ្វាយរបស់អ្នកមិនអាចចែចង់អ្នក បន្ទាប់មកបណ្តេញអ្នកចេញពីការងារបានទេលោក Fudali បាននិយាយថា មានករណីលើកលែងជាច្រើន ដែលនិយោជិតមិនអាចត្រូវបានគេបណ្តេញចេញពីការងារ។ ខាងក្រោមនេះ គឺចំណុចសំខាន់ៗចំនួន៤៖

* ការរើសអើង៖ និយោជករបស់អ្នកមិនអាចបញ្ចប់ការងាររបស់អ្នក ដោយសារអ្នកជាផ្នែកមួយនៃវណ្ណៈ ដែលត្រូវបានការពារណាមួយនោះទេ។ ពួកគេមិនអាចបញ្ចប់ការងាររបស់អ្នកដោយផ្អែកលើ «ពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ (រួមទាំងការមានផ្ទៃពោះ ទំនោរផ្លូវភេទ (ស្រលាញ់ប្រុស ឬស្រីដូចគ្នា) ឬអត្តសញ្ញាណយេនឌ័រ) សញ្ជាតិដើមអាយុ (៤០ឆ្នាំឡើងទៅ) ពិការភាព ព័ត៌មានអំពីសែន (រួមទាំងប្រវត្តិវេជ្ជសាស្រ្តគ្រួសារ)» នោះទេ នេះបើយោងតាមគណៈកម្មការឱកាសការងារ ដោយស្មើភាពសហរដ្ឋអាមេរិក (U.S. Equal Employment Opportunity Commission)។ អ្វីដែលសំខាន់ និយោជកក៏មិនអាចបណ្តេញអ្នក ឬឱ្យអ្នកឈប់ពីការងារ ដោយសារតែការប្តឹងផ្តល់ អំពីការរើសអើងដែលមិនសំដៅ មកលើរូបអ្នកផងដែរ។

* ការបៀតបៀនផ្លូវភេទ៖ និយោជករបស់អ្នកមិនអាចបណ្តេញអ្នកចេញពីការងារ ឬឱ្យអ្នកឈប់ពីការងារ ដោយសារតែការស្តីបន្ទោស ឬប្តឹងផ្តល់អំពីការបៀតបៀនផ្លូវភេទ មិនថាការបៀតបៀន នោះបានកើតឡើងចំពោះអ្នក ឬអ្នកដទៃនោះទេ បើទោះបីជាការប្តឹងផ្តល់នោះគ្មានមូលដ្ឋានក៏ដោយ។ លោក Fudali បានថ្លែងថា «ចៅហ្វាយមិនអាចផ្តល់ឱ្យអ្នកនូវការព្រមព្រៀងណាមួយ ខាងផ្នែកផ្លូវភេទជាថ្នូរនឹងការផ្តល់ជូនការងារដល់អ្នកទេ ហើយបន្ទាប់មកបណ្តេញអ្នកចេញពីការងារ ដោយសារតែអ្នកបដិសេធឡើយ។ ចៅហ្វាយរបស់អ្នកមិនអាចបណ្តេញអ្នក ដោយសារអ្នកមិនស្វាគមន៍ការបៀតបៀនផ្លូវភេទនោះទេ។ ចៅហ្វាយរបស់អ្នកមិនអាចចែចង់អ្នក ហើយបណ្តេញអ្នកចេញ ព្រោះតែអ្នកមិនឆ្លើយតបឡើយ»

* ការរាយការណ៍អំពីការប្រព្រឹត្តខុស៖ លោក Fudali បានបន្តថា «អ្នកមិនអាចទទួលរងការសងសឹក ដោយសារតែការរាយការណ៍ អំពីការប្រព្រឹត្តខុសឡើយ» ដូចជាការរាយការណ៍ អំពីការរំលោភលើគោលការណ៍សុវត្ថិភាព នៅកន្លែងធ្វើការជាដើម។

* សមាជិកភាពសហជីព៖ បុគ្គលិកកម្មករជាច្រើន ដែលជាផ្នែកនៃសហជីពមួយ ក៏ជាករណីលើកលែងចំពោះប្រព័ន្ធច្បាប់ការងារតាមឆន្ទៈផងដែរ។ លោកស្រី Farley ថ្លែងថា៖ «ពួកគេតថ្លៃកិច្ចសន្យាការងារ ហើយការតថ្លៃនេះ ធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងការបណ្តេញចេញពីការងារ ដោយសារការប្រព្រឹត្តកំហុស (just-cause employment)»។ នេះមានន័យថា និយោជកត្រូវមានហេតុផលជាក់ស្តែង សម្រាប់ការបណ្តេញបុគ្គលិកកម្មករ ចេញពីការងារ ឬឱ្យពួកគេចាកចេញពីការងារ។

ប្រាក់បំណាច់ការងារ (Severance) មិនកំណត់ដោយច្បាប់ធាតុផ្សំមួយទៀតនៃប្រព័ន្ធច្បាប់ការងារតាមឆន្ទៈ (at-will employment system) របស់សហរដ្ឋអាមេរិក គឺថាស្ថិតក្រោមច្បាប់នេះ នៅពេលដែលនិយោជិតម្នាក់ ត្រូវបានបញ្ឈប់ពីការងារ អតីតនិយោជករបស់ពួកគេមិនជំពាក់ប្រាក់បំណាច់ការងារពួកគេ ឬអត្ថប្រយោជន៍ប្រហាក់ប្រហែលផ្សេងទៀត ណាមួយនោះទេ។

លោកស្រី Farley ថ្លែងថា «ប្រសិនបើអ្នកចូលធ្វើការនៅម៉ោង៩ ហើយពួកគេបណ្តេញអ្នកឱ្យឈប់ធ្វើការនៅម៉ោង១០ នោះពួកគេគួរតែបង់ប្រាក់ ឱ្យអ្នកសម្រាប់ម៉ោងការងាររបស់អ្នក» បូករួមទាំងម៉ោងបន្ថែមណាមួយ ដែលអ្នកបានធ្វើការមុនពេលពួកគេបណ្តេញចេញ។ ប៉ុន្តែជាទូទៅ នោះគឺជាអ្វីដែលពួកគេជំពាក់អ្នកដោយស្របច្បាប់ មិនថាអ្នកបានធ្វើការនៅទីនោះរយៈពេលប៉ុន្មាន ឬអ្នកបានចូលរួមចំណែកបែបណានោះទេ។

ខាងក្រោមនេះ គឺជាករណីមួយចំនួនដែលក្រុមហ៊ុនមួយនឹងជំពាក់ប្រាក់បំណាច់ការងារ (severance) អតីតនិយោជិតរបស់ខ្លួន៖

* ស្ថិតក្រោមច្បាប់ WARN Act អ្នកទាំងឡាយណាដែលជាផ្នែកមួយនៃអ្វី ដែលត្រូវបានគេចាត់ថ្នាក់ថា ជាការបញ្ឈប់ទ្រង់ទ្រាយធំ ឬការបិទរោងចក្រ នឹងត្រូវទទួលបានប្រាក់បំណាច់ សម្រាប់ការជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីការបញ្ចប់ការងារចំនួន ៦០ថ្ងៃបន្ទាប់ពីការជូនដំណឹង អំពីការបញ្ចប់ការងារ និងការបន្តទទួលបានប្រាក់ឈ្នួល និងកញ្ចប់អត្ថប្រយោជន៍ របស់ពួកគេរហូតដល់ពេល ដែលត្រូវបញ្ចប់ពីការងារនោះ ទោះបីជាពួកគេមិនចាំបាច់មកធ្វើការនៅកន្លែងធ្វើការ របស់ពួកគេទៀតក៏ដោយ។

* សមាជិកសហជីពមួយចំនួន ក៏អាចមានសិទ្ធិទទួលបានកញ្ចប់ប្រាក់បំណាច់ការងារផងដែរ ដោយអាស្រ័យលើអ្វីដែលសហជីពនោះ បានចរចាជាមួយនិយោជក។

* កិច្ចសន្យាការងារបុគ្គលមួយចំនួន ក៏អាចមានចែងអំពីប្រាក់បំណាច់ការងារ (severance) ផងដែរ។ លោក Fudali និយាយថា ប្រសិនបើកិច្ចសន្យាការងាររបស់អ្នកមានចែងថា «ប្រសិនបើអ្នកត្រូវបានបណ្តេញចេញពីការងារក្នុងរយៈពេល ៦ខែដំបូង អ្នកទទួលបានចំនួនទឹកប្រាក់ប៉ុននេះ» អ្នកទទួលបានចំនួនទឹកប្រាក់នោះ។ ជារឿយៗ មន្ត្រីប្រតិបត្តិជាន់ខ្ពស់មានកិច្ចសន្យាបែបនេះ។

ច្បាប់ការងារតាមឆន្ទៈ (At-will employment) មិនមានការប្រើប្រាស់ជាទូទៅក្នុងពិភពលោកប្រទេសភាគច្រើននៅលើពិភពលោក មិនមានប្រព័ន្ធច្បាប់ការងារតាមឆន្ទៈនេះទេ។ ឧទាហរណ៍ នៅក្នុងប្រទេសជាច្រើន ក្នុងចំណោមសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) «និយោជកនឹងត្រូវឆ្លងកាត់ច្រើនជំហាន ក្នុងការបញ្ឈប់បុគ្គលិកកម្មករណាម្នាក់» នេះបើយោងតាមការបញ្ជាក់ពីលោកស្រី Annelies Goger ដែលជាសមាជិក (fellow) នៃវិទ្យាស្ថាន Brookings។

ឧទាហរណ៍ នៅក្នុងប្រទេសជប៉ុន លទ្ធភាពក្នុងការបញ្ឈប់និយោជិត ពីការងារត្រូវបានរឹតត្បិតខ្លាំង ហើយក្នុងករណីខ្លះ ត្រូវបានចាត់ទុកថាជា ជម្រើសចុងក្រោយបំផុតបន្ទាប់ពីកាត់ប្រាក់បៀវត្សរ៍ របស់បុគ្គលិកជាន់ខ្ពស់ បញ្ឈប់ការជួលបុគ្គលិក និងលើកទឹកចិត្តឱ្យចូលនិវត្តន៍មុនអាយុ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន L&E Global ដែលផ្តល់សេវាផ្នែកច្បាប់ការងារអន្តរជាតិ។

ក្នុងប្រទេសណូវែលសេឡង់ លុះត្រាតែក្នុងករណីមានការប្រព្រឹត្តខុសធ្ងន់ធ្ងរ និយោជកត្រូវតែផ្តល់ការជូនដំណឹងដល់និយោជិត អំពីការបញ្ចប់ការងារជាមុន នេះបើយោងតាមរដ្ឋាភិបាល ដែលកំណត់ថា ការជូនដំណឹងក្នុងរយៈពេលពី ២ ទៅ ៤ សប្តាហ៍ «ជាញឹកញាប់ត្រូវបានមើលឃើញថាមានភាពយុត្តិធម៌»។ និយោជកត្រូវបង់ប្រាក់ឈ្មួល ឱ្យនិយោជិតរហូតដល់ការបញ្ចប់រយៈពេល ជូនដំណឹងរបស់ពួកគេ៕