(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីមានបំណងផ្តល់ឱ្យអ៊ីរ៉ង់ នូវសមាសធាតុយោធាទំនើបៗជាថ្នូរនឹងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ​ ឆ្នាំ២០២២។

លោក Wallace បានប្រាប់សភាជាផ្នែក នៃសេចក្តីថ្លែងការណ៍ស្តីពីជម្លោះរុស្ស៊ី-អ៊ុយក្រែនថា «អ៊ីរ៉ង់បានក្លាយជាអ្នកគាំទ្រយោធាកំពូលរបស់រុស្ស៊ី...ជាថ្នូរនឹងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកជាង ៣០០គ្រឿង ឥឡូវនេះរុស្ស៊ីមានបំណងផ្តល់ឱ្យអ៊ីរ៉ង់នូវសមាសធាតុយោធាទំនើប ដែលបំផ្លាញអាចទាំងមជ្ឈិមបូព៌ា និងសន្តិសុខអន្តរជាតិ»

កាលពីព្រឹកថ្ងៃអង្គារ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ទីក្រុងតេអេរ៉ង់គួរតែបញ្ឈប់ជាបន្ទាន់ នូវការគាំទ្រផ្នែកយោធាសម្រាប់ប្រទេសរុស្ស៊ី។

អ៊ីរ៉ង់បានទទួលស្គាល់ថា ការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់ទីក្រុងមូស្គូ ប៉ុន្តែបាននិយាយថា ពួកគេត្រូវបានបញ្ជូនយន្តហោះចម្បាំងទាំងនោះ មុនសង្រ្គាមនៅអ៊ុយក្រែនទៅទៀត ដែលជាកន្លែងរុស្ស៊ីបានប្រើប្រាស់វា ដើម្បីកំណត់គោលដៅស្ថានីយថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើឥស្សរជនយោធាអ៊ីរ៉ង់ និងក្រុមហ៊ុនផលិតការពារជាតិ ដែលជឿថាមានជាប់ពាក់ព័ន្ធក្នុងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដល់ប្រទេសរុស្ស៊ី៕