(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងគ្រោះរញ្ជួយដីអាមេរិក (USGS) បានប្រកាសថា គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា កាលពីព្រឹកថ្ងៃអង្គារ (២០ ធ្នូ) ខណៈដែលអាជ្ញាធរក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពី ការដាច់ចរន្តអគ្គិសនី និងការខូចខាតស្ពានសម្រាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

USGS បាននិយាយថា ការរញ្ជួយដីមានជម្រៅប្រហែល ១៦.១គីឡូម៉ែត ហើយបានវាយប្រហារប្រហែល ១២គីឡូម៉ែតភាគខាងលិច-និរតីនៃតំបន់ Ferndale រដ្ឋកាលីហ្វ័រញ៉ា។

ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិកបាននិយាយថា មិនមានហានិភ័យនៃរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីនោះទេ។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ Poweroutageus ដែលជាគេហទំព័រតាមដានបណ្តាញអគ្គិសនីបាននិយាយថា ផ្ទះ និងអាជីវកម្មជាង ៥៥,០០០ នៅតំបន់ Ferndale និងជុំវិញតំបន់ Humboldt County គឺកំពុងគ្មានថាមពលប្រើប្រាស់៕