(តូក្យូ)៖ សារព័ត៌មានជប៉ុន ក្យូដូ (Kyodo) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា ទីក្រុងតូក្យូនិងទីក្រុងវ៉ាស៉ីនតោន កំពុងតែពិចារណា​លើ លទ្ធភាពនៃការបំពេញទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់ទីក្រុងណាហ្កាសាគី (Nagasaki) នាខែឧសភា ឆ្នាំ២០២៣ នៅពេលដែលលោកត្រូវធ្វើដំណើរមកកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

ប្រសិនបើវាកើតឡើងពិតមែននោះ លោក បៃដិន នឹងក្លាយជាប្រធានាធិបអាមេរិកដំបូងបំផុត ដែលបានទៅទស្សនកិច្ចនៅទីក្រុងណាហ្កាសាគី ពេលកំពុងនៅកាន់អំណាចផ្ទាល់។ យោងតាមប្រភពដែល Kyodo ទទួលបាន នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) ទំនងជានឹងអមដំណើរលោក បៃដិន ក្នុងការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងភាគខាងនិរតីនេះ នៅមុនឬក៏​ក្រោយកិច្ចប្រជុំកំពូល G7។

កិច្ចប្រជុំកំពូលនៃមេដឹកនាំរបស់ក្រុមប្រទេស G7 នឹងប្រារព្ធឡើងនៅចន្លោះថ្ងៃទី១៩-២១ ខែឧសភា ឆ្នាំក្រោយ។​ ទីក្រុងហ៉ីរ៉ូស៉ីម៉ា និងទីក្រុងណាហ្កាសាគី គឺជាកន្លែងដែលយន្តហោះអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូ កាលពីខែសីហា ឆ្នាំ១៩៤៥ ដើម្បីបង្ខំឱ្យ​ជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី២។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ លោក បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលទៅធ្វើទស្សនកិច្ចនៅទីក្រុង​ហ៉ីរ៉ូស៉ីម៉ា ពេលកំពុងកាន់អំណាច​ ហើយក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G7 ដូចគ្នា ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះរៀបចំ។ នាពេលនោះ លោក អូបាម៉ា ត្រូវបានអមដំណើរដោយលោក គីស៉ីដា ដែលជារដ្ឋមន្រ្តីការបរទេសជប៉ុន ហើយនិងលោក ស៉ីនហ្សូ អាបេ ដែលជា​នាយករដ្ឋមន្រ្តីជប៉ុន។ ចំណែកលោក បៃដិន កាលនោះគឺជាអនុប្រធានាធិបតីអាមេរិក របស់រដ្ឋបាលលោក អូបាម៉ា៕