(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ បានលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធនៃប្រទេសទាំងពីរ កំលុងពេលដែលលោក ពូទីន បំពេញទស្សនកិច្ចនៅទីក្រុងមីនស្កិ៍ (Minsk) ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ដោយបានមិននិយាយអំពីសង្រ្គាមនៅអ៊ុយក្រែនទេ ក្នុងសន្និសីទសារព័ត៌មានរួម។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

មុនជំនួបរវាងមេដឹកនាំទាំងពីរខាងលើ មេបញ្ជាការកងកម្លាំងយោធារួមរបស់អ៊ុយក្រែន គឺលោក សឺហ៉ី ណាយេវ (Serhiy Nayev) បានបង្ហាញការជឿជាក់ថា កិច្ចពិភាក្សានៅទីក្រុងមីនស្កិ៍ ច្បាស់ជានឹងជជែកអំពីសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ក៏ដូចជាការចូលរួមកាន់តែទូលំទូលាយរបស់កងកម្លាំងប្រដាប់អាវុធបេឡារុស ក្នុងប្រតិបត្តិការប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែគ្មានអ្នកកាសែតណាម្នាក់ ដែលត្រូវបានអនុញ្ញាតឲ្យឡើងសួរសំណួរទៅកាន់ លោក ពូទីន ឬប្រធានាធិបតីបេឡារុស បានចោទសួរពាក់ព័ន្ធសង្គ្រាមនៅអ៊ុយក្រែននោះទេ។

គណបក្សប្រឆាំងនយោបាយរបស់ប្រទេសបេឡារុស បានសម្តែងការព្រួយបារម្ភថា រុស្សីនឹងបញ្ចុះបញ្ចូលឲ្យប្រទេសរបស់ខ្លួន លូកលាន់ ចូលក្នុងជម្លោះដែលបាននិងកំពុងធ្វើឲ្យរុស្ស៉ីរងទុក្ខ ពីទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច។ ប៉ុន្តែទាំង លោក ពូទីន និងលោក លូកាសិនកូ បានច្រានចោលគំនិតនេះ។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងផ្ទាល់ ក៏បានចាត់ទុកគំនិតទាញទីក្រុងមីនស្កិ៍ ឲ្យចូលទៅក្នុងជម្លោះថា ការប្រឌិតដ៏ល្ងង់ខ្លៅ និងគ្មានមូលដ្ឋានផងដែរ។ ទីក្រុងមូស្គូនិងទីក្រុងមីនស្កិ៍ បានបង្កើតអង្គភាពយោធារួមគ្នាមួយនៅក្នុងប្រទេសបេឡារុស និងធ្វើសមយុទ្ធជាច្រើនលើក។ យន្តហោះចម្បាំងរុស្សីចំនួន៣គ្រឿង រួមជាមួយយន្តហោះឈ្លបការណ៍និងតាមដានការគំរាមកំហែង លើអាកាស ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស កាលពីសប្តាហ៍មុន៕