(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបប្រធានាធិបតីនៃប្រទេសអេក្វាទ័រ លោក ហ្គុលឡឺម៉ូ ឡាសសូ (Guillermo Lasso) នៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់លំហូរជនចំណាកស្រុក ទៅកាន់សហរដ្ឋអាមេរិក ខណៈដែលសេតវិមានកំពុងប្រឈមមុខនឹងសម្ពាធ លើគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។
រដ្ឋបាលលោក បៃដិន ត្រូវបានស្នើឲ្យដកបទបញ្ជាសុខភាពសាធារណៈ ដែលដាក់ចេញជាលើកដំបូង ក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលអនុញ្ញាតឲ្យមន្រ្តីគយ និងឆ្មាំការពារព្រំដែនរបស់សហរដ្ឋអាមេរិក បណ្តេញជនចំណាកស្រុកយ៉ាងឆាប់រហ័សទៅកាន់ម៉ិកស៊ិក ឬត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ១៩។ ប៉ុន្តែ ចៅក្រមអាមេរិកបាននិយាយថា ការដកចេញនូវបទបញ្ជានេះនឹងបំពានច្បាប់គ្រប់គ្រងសហព័ន្ធ ដែលអាចនាំឲ្យជនចំណាកស្រុករាប់ពាន់នាក់ មិនស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍ និងនាំមកនូវលំហូរជនចំណាកស្រុកកាន់តែច្រើន ទៅកាន់សហរដ្ឋអាមេរិក-ម៉ិកស៊ិក តាមច្រកព្រំដែន។
លោក ឡាសសូ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ យ៉ាងដូច្នេះថា «យើងបាននិយាយអំពីការធ្វើចំណាកស្រុក និងជនចំណាកស្រុក ដែលជាផលវិបាកនៃបញ្ហាសេដ្ឋកិច្ចនៃប្រទេសជាច្រើន នៅអាមេរិកឡាទីន។ យើងបានផ្តល់សច្ចាប័នលើ ការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តការគាំទ្រ ដូចដែលយើងបានធ្វើរួចហើយ ជាពិសេសអ្នកមកពីប្រទេសវេណេស៊ុយអេឡា តាមរយៈប្រទេសអេក្វាឌ័រ»។
គួរបញ្ជាក់ថា ក្រុមសមាជិកសភាទាំងមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានដាក់សម្ពាធឲ្យលោក បៃដិន ធ្វើសកម្មភាពដើម្បីគ្រប់គ្រងចំពោះរលកជនចំណាកស្រុកដែលរំពឹងទុក ពីអ្នកស្វែងរកសិទ្ធិជ្រកកោន នៅព្រំដែនភាគខាងត្បូងរបស់អាមេរិក៕