(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអង្គារនេះកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ដែលមានការចូលរួមពីសំណាក់ យន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះចម្បាំង F-22 របស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

សមយុទ្ធយោធាខាងលើបានប្រព្រឹត្តទៅ នៅក្នុងតំបន់កំណត់អត្តសញ្ញាណសម្រាប់ការពារដែនអាកាស ហៅកាត់ថា ADIZ របស់​ប្រទេសកូរ៉េខាងត្បូង ត្រង់ចំណុចភាគនិរតីនៃកោះចេជូ (Jeju)។ ស្របពេលដែលសហរដ្ឋអាមេរិក បានចល័តយន្តហោះ B-52 និង F-22 របស់ខ្លួនឱ្យមក​ចូលរួម ខាងទីក្រុងសេអ៊ូលបានចល័តយន្តហោះចម្បាំង F-35A និង F-15K។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52H និងយន្តហោះចម្បាំង F-22 នាពេលនេះ គឺស្ថិតក្រោមក្របខណ្ឌនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងបន្ថែមនូវការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់គ្រាប់សមត្ថភាពយោធាទាំងអស់ ដើម្បីការពារសម្ពន្ធមិត្តរបស់ខ្លួន។ សមយុទ្ធយោធាខាងលើ កើតមានឡើង បន្ទាប់ពីកូរ៉េខាងជើង ទើបតែបានបាញ់តេស្ត មីស៉ីលបាលិស្ទីគរយៈចម្ងាយមធ្យមចំនួន ២គ្រាប់ ចូលក្នុងផ្ទៃសមុទ្រកាលពីថ្ងៃអាទិត្យកន្លងទៅ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ក្រុមយន្តហោះចម្បាំងអាមេរិក F-22 ដែលមកពីមូលដ្ឋានទ័ពអាកាស ខាដេណា (Kadena) នៅកោះអូគីណាវ៉ាប្រទេសជប៉ុន ក៏នឹងត្រូវចូលរួមក្នុងកម្មវិធីហ្វឹកហាត់រួមគ្នា ដាច់ដោយឡែកមួយផ្សេងទៀត ជាមួយក្រុមយន្តហោះចម្បាំងកូរ៉េខាងត្បូង F-35A ផងដែរ ក្រោមគោលដៅពង្រឹងសមត្ថភាពឆ្លើយតប ចំពោះការគំរាមកំហែងពីសំណាក់ មីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕