(មីនស្កិ៍)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បានប្រកាសថា បេឡារុសបានដាក់ពង្រាយរួចរាល់ហើយ នូវប្រព័ន្ធមីស៉ីលការពារដែនអាកាស S-400 និងប្រព័ន្ធបាញ់មីស៉ីលបាលិស្ទីគ អ៉ីស្កាន់ដឺ (Iskander)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។
លោកប្រធានាធិបតីបេឡារុស បានថ្លែងឱ្យដឹងដូចខាងលើប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានទទួលជួបពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងមីនស្កិ៍។ លោក លូកាសិនកូ បានប្រាប់ដូច្នេះថា «ថ្ងៃនេះ យើងបានដាក់ពង្រាយប្រព័ន្ធ S-400 ហើយអ្វីដែលសំខាន់បំផុតនោះគឺ ប្រព័ន្ធ Iskander ដែលអ្នកបានប្រគល់មកឱ្យយើង ដូចអ្វីដែលអ្នកបានសន្យាកាលពី៦ខែមុន»។ បេឡារុសបានប្រកាសអំពីការទិញ S-400 និង Iskander ពីរុស្ស៉ី កាលពីខែឧសភា។
លោក លូកាសិនកូ បានបន្តថា ខណៈនេះបេឡារុសក៏កំពុងហ្វឹកហាត់ ក្រុមសហសេវិកសម្រាប់យន្តហោះ ដែលមានផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ក្រោមការជួយជ្រោមជ្រែងពីរុស្ស៉ីថែមទៀតផង។ មេដឹកនាំបេឡារុសរូបនេះ បានអះអាងថា ការដាក់ពង្រាយអាវុធទាំងនេះ មិនមែនជាការគំរាមចំពោះអ្នកណាម្នាក់ទេ ប៉ុន្តែគឺដើម្បីធានាសន្តិសុខរបស់បេឡារុសផ្ទាល់។
គួរបញ្ជាក់ថា ទស្សនកិច្ចខាងលើ គឺជាដំណើរទស្សនកិច្ចដំបូងបំផុត របស់លោក ពូទីន ទៅកាន់ប្រទេសបេឡារុស គិតចាប់តាំងពីឆ្នាំ២០១៩មក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ក៏បានចេញមុខច្រានចោលផងដែរចំពោះ ទស្សនៈដែលថាលោក ពូទីន បំពេញទស្សនកិច្ចទៅកាន់បេឡារុស ដើម្បីជំរុញឱ្យទីក្រុងមីនស្កិ៍ ចូលរួមក្នុងសង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន។ កំលុងការចាប់ផ្តើមសង្រ្គាមដំបូង ទីក្រុងមូស្គូបានប្រើប្រាស់ទឹកដីបេឡារុស ជាមូលដ្ឋានសម្រាប់ខ្លួនចល័តកងទ័ព យន្តហោះ និងសព្វាវុធ ចូលឈ្លានពានភាគខាងជើងអ៊ុយក្រែន៕