(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទបានស្នើសុំឱ្យបណ្តាមេដឹកនាំប្រទេសអឺរ៉ុប ដែលជួបប្រជុំគ្នានៅឡេតូនី ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ ផងដែរ បន្តផ្គង់ផ្គង់សព្វាវុធចម្រុះកាន់តែច្រើនថែមទៀត ដល់ប្រទេសរបស់លោក ដើម្បីជួយបិទបញ្ចប់ឱ្យបានឆាប់ នូវសង្រ្គាមដ៏ប្រល័យបំផុតក្នុងតំបន់អឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចប្រជុំខាងលើតាមប្រព័ន្ធវីដេអូ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «អ្វីៗជាច្រើនគឺអាស្រ័យទៅលើអ្នកទាំងអស់គ្នា ដូចជាថាតើសង្រ្គាមនេះនឹងបញ្ចប់ទៅ ដោយរបៀបណាជាដើម។ ប្រសិនបើកងកម្លាំងការពារជាតិរបស់យើង កាន់តែរឹងមាំខ្លាំងឡើង សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក៏នឹងឆាប់បរាជ័យជាផ្លូវការទៅតាមនោះដែរ»

លោកប្រធានាធិបតីអ៊ុយក្រែនបានបន្តថា លោកសូមស្នើឱ្យបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ក៏ដូចជាការផ្តល់រថក្រោះ ជាពិសេសរថក្រោះ លេអូផាដ (Leopard) ដែលទីក្រុងកៀវបានស្នើសុំអាល្លឺម៉ង់ជាយូរមកហើយ ដោយ​លោកបានលើកឡើងថា ដើម្បីឱ្យប្រតិបត្តិការការពារប្រទេសរបស់អ៊ុយក្រែនកាន់តែជោគជ័យ នោះលោកត្រូវការរថពាស​ដែកថ្មីៗ ជាពិសេសរថក្រោះតែម្តង។

ក្រៅពីនេះ លោក ហ្សេលេនស្គី បានស្នើសុំសព្វាវុធពីប្រទេសអឺរ៉ុបដទៃទៀត ដូចជាប្រព័ន្ធកាំភ្លើងធំហោវីតសឺធុន ស៉ីសា (Ceasar) ពីដាណឺម៉ាក, គ្រាប់រំសេវពីហ្វាំងឡង់, មីស៉ីល ណាសាម (NASAMS) និង ស្ទីងចឺ (Stinger) ពីលីទុយអានី, កាំភ្លើងធំនិងគ្រាប់ផ្លោងពីឡេតូនី, កាំភ្លើងធំនិងគ្រាប់​ពីអេស្តូនី, ប្រព័ន្ធបាញ់ NASAMS និងមីស៉ីលនេះ ពីន័រវែស, យន្តហោះចម្បាំង គ្រីផិន (Gripen) ព្រមទាំងមីស៉ីល RBS 98 និងកាំផ្លើងធំ អាឆឺ (Archer) ពីស៊ុយអែត។

គួរបញ្ជាក់ថា ខណៈសម្ពន្ធមិត្តលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងទម្រង់ជា​ហិរញ្ញវត្ថុ, សព្វាវុធ, និងការបណ្តុះបណ្តាលយោធាក៏ដោយ ទីក្រុងកៀវបានអះអាងថា ខ្លួននៅត្រូវការជំនួយច្រើនថែមទៀតដើម្បី​អាចធ្វើឱ្យតុល្យភាព នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលអូសបន្លាយប្រមាណ១០ខែមកហើយនេះ ងាកមករកខាង​អ៊ុយក្រែន៕