(ប៉េកាំង)៖ «មិនធ្វើតេស្តអាស៊ីដនុយគ្លេអ៊ិចនិងកូដសុខភាពទៀតពេលទៅតំបន់ផ្សេងទៀត មិនបាច់ស្កេនកូដនិងពិនិត្យកំដៅខ្លួន ខណៈពេលចូលក្នុងកន្លែងសាធារណៈ អ្នកឆ្លងជំងឺកូវីដ១៩ដែលគ្មានរោគសញ្ញា ឬមានរោគសញ្ញាស្រាលអាចស្នាក់នៅក្នុងផ្ទះ។ល។»។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានកែសម្រួលឱ្យប្រសើរឡើង នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបូករួមទាំងខ្លឹមសារក្នុង១០វិស័យដូចជា កំណត់តំបន់ហានិភ័យដោយចំគោលដៅនិងវិទ្យាសាស្ត្រ កែលម្អវិធីធ្វើចត្តាឡីស័ក ពន្លឿនការចាក់វ៉ាក់សាំងឱ្យមនុស្សចាស់ជរា និងបង្កើនការធ្វើស្ថិតិអំពីសភាពការណ៍សុខភាព និងគ្រប់គ្រងដោយចែកជាប្រភេទនៃហ្វូងមនុស្សដ៏សំខាន់ជាដើម។

បច្ចុប្បន្ននេះ ការធ្វើដំណើរទៅតំបន់ផ្សេងទៀតរបស់អ្នកផងទាំងពួង គឺមានភាពរលូនជាសន្សឹមៗ សង្គមចិនកំពុងបោះជំហានទៅកាន់ភាពប្រក្រតី នៃផលិតកម្មនិងជីវភាពរស់នៅឡើងវិញ។ ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រឈមមុខនឹងការរីករាលដាលសាចុះសាឡើងនៃជំងឺកូវីដ១៩ រដ្ឋាភិបាលចិនបានធ្វើការចាត់ចែង និងសម្របសម្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលបានដឹកនាំប្រទេសចិនប្រគល់តារាងពិន្ទុគួរឱ្យកត់សម្គាល់ ពោលគឺប្រទេសចិនក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់ ដែលសម្រេចបាននូវកំណើនវិជ្ជមានខាងសេដ្ឋកិច្ច មុនគេបង្អស់លើទូទាំងពិភពលោកនៅឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចបានលើសពី១១០ទ្រីលានយាន់ប្រាក់ចិន នៅឆ្នាំ២០២១ ដែលគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង ៥,១ភាគរយក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។ល។

តារាងពិន្ទុនេះគឺជាភស្តុតាងដែលបានបញ្ជាក់ថា មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកប្រធានរដ្ឋចិន Xi Jinping ជាប្រមុខស្នូលបានដឹកនាំប្រជាជនចិនជាង១ពាន់លាននាក់ ឆ្លងកាត់ការសាកល្បងគ្រប់បែបយ៉ាង ជំរុញសេដ្ឋកិច្ចចិនពុះពារឧបសគ្គនិងរីកចម្រើន ទៅមុខដោយអង់អាចក្លាហាន។ ទន្ទឹមនឹងការកែសម្រួលឱ្យប្រសើរឡើង ឥតឈប់ឈរនូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិន ខេត្ត Zhejiang ខេត្ត Jiangsu និងខេត្ត Sichuan ជាដើមបានចេញទៅបរទេស ដើម្បីទាក់ទាញពាណិជ្ជករឬសហគ្រាសបរទេស មកធ្វើអាជីវកម្មនៅប្រទេសចិន ក៏ដូចជាពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ។ ក្រុងប៉េកាំងបានបង្កើនកម្លាំងជួយសហគ្រាសពុះពារឧបសគ្គ ហើយចាត់វិធានការជាច្រើនដើម្បីជំរុញ ឱ្យពន្លឿនការធ្វើផលិតកម្មនិងធ្វើការងារឡើងវិញ។

បច្ចុប្បន្ននេះ អត្រាធ្វើការងារឡើងវិញនៃសហគ្រាសជាច្រើន ក្នុងតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ចនៃក្រុងប៉េកាំង បានកើនឡើងជាបណ្តើរៗ ដែលបានធ្វើឱ្យរបៀបរៀបរយផលិតកម្មមានប្រក្រតីភាពឡើងវិញ។ បន្ទាប់ពីបានកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ គំនិតស្តីពី «មនុស្សម្នាក់ៗសុទ្ធតែត្រូវធ្វើជាអ្នកទទួលខុសត្រូវទីមួយ នៃសុខភាពរបស់ខ្លួន» ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។ អាចឃើញថា នៅកន្លែងជាច្រើន ដូចជាស្ថានីយរថភ្លើង ព្រលានយន្តហោះ ផ្សារទំនើបនិងមន្ទីរពេទ្យជាដើមអ្នកផងទាំងពួង សុទ្ធតែពាក់ម៉ាស់ដោយស្ម័គ្រចិត្ត។ ពេលតម្រង់ជួររង់ចាំ មនុស្សទាំងឡាយក៏អាចរក្សាគម្លាតសុវត្ថិភាព ដោយស្ម័គ្រចិត្តផងដែរ។ នៅកន្លែងសាធារណៈ មានបុគ្គលិកការងារសម្លាប់ មេរោគឥតឈប់ឈរ ដែលបានផ្ដល់នូវអារម្មណ៍សុវត្ថិភាពដល់មនុស្សទាំងឡាយ។

បច្ចុប្បន្ននេះ គោលនយោបាយបង្ការជំងឺកូវីដ១៩របស់ចិន កំពុងមានភាពប្រសើរឡើងឥតឈប់ឈរ ដែលមិនអាចចៀសវាងពីដំណាក់កាលសម្របខ្លួនឡើយ។ រដ្ឋាភិបាលចិនអំពាវនាវឱ្យបង្កើនការចាក់វ៉ាក់សាំងលើមនុស្សគ្រប់រូប ជាពិសេសគឺមនុស្សចាស់ជរា ហើយគូសបញ្ជាក់ថា នឹងបង្កើនការផ្គត់ផ្គង់ឱសថនិងត្រៀមបម្រុងធនធានវេជ្ជសាស្ត្រ ព្រមទាំងតម្រូវឱ្យពន្លឿនការធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធជួយសង្គ្រោះនិងព្យាបាលជំងឺដោយបែងចែក តាមថ្នាក់និងប្រភេទជាដើម ការធ្វើបែបនេះមិនត្រឹមតែដើម្បីសមស្របនឹងសំណូមពរ នៃស្ថានការណ៍ថ្មីក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីបំណងដើមរបស់ប្រទេសចិន ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។

ប្រទេសចិនប្រកាន់ខ្ជាប់ការរៀបចំចាត់ចែងឱ្យបានកាន់តែល្អប្រសើរ នូវការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ផ្តោតសំខាន់លើការជំរុញដំណើរការនៃសេដ្ឋកិច្ច ឱ្យមានភាពប្រសើរឡើងវិញជាទូទៅ នេះនឹងក្លាយជាកម្លាំងចលករដ៏ធំបំផុត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ។ វិធានការថ្មីបានគូសបញ្ជាក់ពីភាពចំគោលដៅ និងប្រសិទ្ធភាពក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ វាមិនត្រឹមតែនឹងដើរតួនាទីធានាដល់ការងារ និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងក៏នឹងតាំងមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននៅពេលអនាគតផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន