(វ៉ាស៉ីនតោន)៖ គណៈកម្មាធិការនៃសភាតំណាងរាស្រ្តអាមេរិក ដែលស៉ើបអង្កេតលើករណីកុបកម្មវាយប្រហារវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានផ្ដលអនុសាសន៍ដល់រដ្ឋអាជ្ញាសហព័ន្ធ នៅថ្ងៃចន្ទសប្តាហ៍នេះ ឲ្យចោទប្រកាន់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ពីបទឧក្រិដ្ឋចំនួន៤ ក្នុងនោះរួមមានទាំងការញុះញង់ឱ្យមានការបះបោរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

សំណើរបស់គណៈកម្មាធិការខាងលើដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ទៅកាន់ក្រសួងយុត្តិធម៌អាមេរិកធ្វើឡើង បន្ទាប់ពីការសម្ភាស៍សាក្សី ជាង ១,០០០នាក់ និងការប្រមូលឯកសាររាប់រយរាប់ពាន់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សភា សម្រាប់ការបញ្ជូនសំណុំរឿងអតីតប្រធានាធិបតីលើ ការកាត់ទោសព្រហ្មទណ្ឌ។ គណៈកម្មាធិការបានស្នើឲ្យក្រសួងយុត្តិធម៌ចោទប្រកាន់ លោក ត្រាំ ពីបទឧក្រិដ្ឋកម្មដែលអាចកើតមានចំនួន៤ ដូចជាការរារាំងដំណើរការផ្លូវការរបស់សភា សមគំនិតក្នុងការក្លែងបន្លំ ធ្វើសេចក្តីថ្លែងការណ៍មិនពិត ផ្តល់ជំនួយ ឬញុះញង់ឲ្យមានការបះបោរ។

ជុំវិញសំណើរនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌អាមេរិក បាន​បដិសេធ​មិនផ្តល់យោបល់ ខណៈអ្នកនាំពាក្យរបស់លោក ត្រាំ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ការស៉ើបអង្កេតដ៏ចម្រូងចម្រាស់លើលោក ត្រាំ បានកើតមានឡើងក្រោយពេលដែលលោកថ្លែងសុន្ទរកថាមួយទៅកាន់អ្នកគាំទ្រនៅក្បែរ សេតវិមាន កំលុងថ្ងៃកើតហេតុ ហើយបានស្តីបន្ទោសជាសាធារណៈចំពោះអតីតអនុប្រធានាធិបតី គឺលោក ម៉ាយ ផែន (Mike Pence) ដែលមិនធ្វើតាមផែនការរបស់លោក ដើម្បីបដិសេធលទ្ធផលបោះឆ្នោត។ បន្ទាប់មកអ្នកគាំទ្ររាប់ពាន់នាក់បានសម្រុកចូលវាយប្រហារវិមានកាពីតូល៕