(យូអិន)៖ ក្រុមមន្រ្តីការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ទំនងជានឹងបោះឆ្នោតនៅថ្ងៃពុធសប្តាហ៍នេះ លើសេចក្តីព្រាងដំណោះស្រាយទាមទារឲ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា និងជំរុញឲ្យរបបយោធាដោះលែង អ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាចគឺលោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។
វិបត្តិកាន់តែខ្លាំងក្លានៅមីយ៉ាន់ម៉ា កើតមានឡើងចាប់តាំងពីយោធាដឹកនាំដោយលោក មីន អោងឡាំង ឡើងកាន់អំណាចនាខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈការធ្វើរដ្ឋប្រហារ និងបានឃុំខ្លួនអតីតមេដឹកនាំប្រទេស និងមន្ត្រីផ្សេងទៀត ការឆ្លើយតបទៅនឹងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការបង្រ្កាបដោយប្រើកម្លាំងយោធា។
ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកចំនួន ១៥ប្រទេស បានធ្វើការជាយូរយារមកហើយលើបញ្ហារបស់មីយ៉ាន់ម៉ា ប៉ុន្តែមន្រ្តីការទូតនិយាយថា ប្រទេសចិន និងរុស្ស៊ី ទំនងជានឹងមិនចូលរួមជាមួយសេចក្តីព្រាងដំណោះស្រាយខាងលើនេះទេ។
ដើម្បីអនុម័តសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខបាន UN ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ ដោយគ្មានការបោះឆ្នោតវេតូពីរុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង ឬអង់គ្លេស៕