(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិក បាននិយាយថាការវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនពីសំណាក់រុស្ស៉ី មិនអាចកាត់បន្ថយការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងទីក្រុងមូស្គូ របស់ទីក្រុងកៀវបានឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តចាំបាច់បង្កើនការគាំទ្រ ដើម្បីជួយអ៊ុយក្រែនដោះស្រាយបញ្ហាថាមពល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Geoffrey Pyatt ធ្វើការកត់សម្គាល់ខាងលើប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច​ន្ទសប្ដាហ៍នេះ ជាមួយការកត់សម្គាល់ដូច្នេះថា «ខ្ញុំគិតថានេះជាយុទ្ធសាស្ត្រទម្លាក់គ្រាប់បែក....តែវាបានបរាជ័យក្នុងការបំបែកបំបាក់ឆន្ទៈរបស់ប្រជាជនអ៊ុយក្រែន»។ លោក Pyatt បន្ថែមទៀតថាជំនួយដំបូងដែលយកចេញពីកញ្ចប់ថវិកាជំនួយផ្នែកថាមពល ៥៣លានដុល្លាររបស់សហរដ្ឋអាមេរិក បានបញ្ជូនទៅដល់ អ៊ុយក្រែនហើយកាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា រុស្ស៉ីបានចាប់ផ្ដើមយុទ្ធនាការទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីខែតុលាមក បន្ទាប់ពី បរាជ័យជាបន្តបន្ទាប់នៅលើសមរភូមិ។ ការវាយប្រហារនេះបានបំផ្លាញយ៉ាងហោច ៥០ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលកំពុង បង្កឱ្យប្រជាជនស៊ីវិលរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់៕