(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានសម្រេចចិត្តផ្អាករាល់ប្រតិបត្តិការហោះហើរទាំងអស់ នៃកងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែក បំបាំងកាយ B-2 បន្ទាប់ពីមានហេតុការណ៍ចុះចតជាបន្ទាន់ និងភ្លើងឆេះ កាលពីដើមខែធ្នូកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

យន្ដហោះទម្លាក់គ្រាប់បែក B-2 មួយគ្រឿង កាលពីថ្ងៃ១០ ខែធ្នូកន្លងទៅនេះ មានបញ្ហាប្រព័ន្ធអ៉ីដ្រូលីក (hydraulics system ) កំលុងពេលហោះហើរ និងបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់នៅឯមូលដ្ឋានទ័ពអាកាស វ៉ាយមែន (Whiteman Air Force Base) ក្នុងទីក្រុងសាំងល្វីស (St Louis) នៃរដ្ឋមីសស៊ូរី (Missouri) ជាទីដែលយន្ដហោះនេះត្រូវបានភ្លើងឆាបឆេះ។ អគ្គិភ័យនេះត្រូវបានពន្លត់ និងមិនមាននរណាម្នាក់រងរបួសនោះទេ។

គួរបញ្ជាក់ថា យន្ដហោះទម្លាក់គ្រាប់បែក B-2 ជារឿយៗតែងតែត្រូវបានសហរដ្ឋអាមេរិក ដាក់ពង្រាយទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុបដើម្បី សម្ញែងសាច់ដុំ។ យន្ដហោះ B-2 គ្រោងនឹងធ្វើការហោះហើរនៅឯកម្មវិធី Rose Parade and Rose Bowl Game នៅឆ្នាំ២០២៣ខាងមុខ តែដោយសារ មានបញ្ហា យន្ដហោះ B-1 Lancer នឹងត្រូវជំនួសការហោះហើរនេះវិញ។ យន្ដហោះទម្លាក់គ្រាប់បែក B-2 បានចាប់ផ្ដើមធ្វើការហោះហើរជាលើកដំបូង ក្នុងឆ្នាំ១៩៨៩ ហើយនឹងត្រូវបានជំនួសដោយយន្ដហោះទម្លាក់គ្រាប់ស៊េរីថ្មី B-21 Raider ដែលគ្រោងនឹងធ្វើការហោះហើរជាលើកដំបូងនៅឆ្នាំក្រោយ៕