(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានរិះគន់កូរ៉េខាងត្បូង សម្រាប់ការព្យាយាមបំផ្លាញការអភិវឌ្ឍអាវុធរបស់ខ្លួន ដោយបញ្ជាក់ថា ការដាក់ទណ្ឌកម្មនឹងមិនអាចបញ្ឈប់កម្មវិធីមីស៊ីលនៃរបបដឹកនាំលោក គីម ជុងអ៊ុន នោះទេ។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាង គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីលោក គីម ជុងអ៊ុន បាន ឱ្យដឹងទៀតថាគំនិតផ្ដួចផ្ដើមរបស់ទីក្រុងព្យុងយ៉ាង ដើម្បីអភិវឌ្ឍផ្កាយរណបស៊ើបការណ៍ គឺជាអាទិភាពចម្បងពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខជាតិ។ អ្នកនាង គីម បន្ថែមថាកូរ៉េខាងត្បូងអាចនឹងស្រែកទាមទាររកកិច្ចសហប្រតិបត្តិការមួយចំនួនជាលក្ខណៈអន្តរជាតិ និងព្យាយាមដាក់ទណ្ឌកម្ម បន្ថែមលើកូរ៉េខាងជើង ប៉ុន្តែទណ្ឌកម្មមិនអាចបញ្ឈប់កូរ៉េខាងជើងបាននោះទេ ហើយវាក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់អ្នកនាង គីម យ៉ូជុង ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ រយៈចម្ងាយមធ្យមចំនួន២គ្រាប់ ដែលទីក្រុងព្យុងយ៉ាងជាការធ្វើតេស្ដដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍៕